(ភ្នំពេញ)៖ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលកាកបាទក្រហមកម្ពុជា បានរៀបចំប្រារព្ធខួបទី១៥៤ នៅថ្ងៃទី0៨ ឧសភា ២០១៧ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ដើម្បីប្រមូលថវិកាសម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះនានា ទូទាំងប្រទេសនោះ ក្រុមហ៊ុន អ័រគីដេវីឡា បានចូលរួមចំណែកជាថវិការចំនួន១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ។
ប្រធានក្រុមហ៊ុន អ័រគីដេវីឡា បានចូលរួមវិភាគទានថវិកាមនុស្សទាំងនេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ដើម្បីធ្វើប្រតិបត្តិការជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ រងគ្រោះគ្រប់ទីកន្លែង ដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយអ្វីឡើយឲ្យបានទាន់ពេលវេលា។
សំរាប់សកម្មភាពចូលរួមចំណែកជួយសង្គម ក្រុមហ៊ុន អ័រគីដេវីឡា កន្លងមកនេះបានចុះជួយកុមារកំព្រា និងជនពិការផ្សេងៗ នៅតាមមជ្ឈមណ្ឌលថែទាំ ក៏ដូចជាការចូលរួមដាំដើមឈើតាមសាលារៀនផ្សេងៗ ដើម្បីបរិស្ថានព្រមទាំងបានចុះចែកជូន អំណោយដល់ប្រជាពលរដ្ឋផងដែរ។
ក្នុងនោះក្រុមហ៊ុនយើងខ្ញុំជាប្រជាពលរដ្ឋកម្ពុជា ក៏បានចូលរួមវិភាគទាន រាល់សកម្មភាពសង្គមផ្សេងៗ តាមរយៈមូលនិធិបាយ័ន ស្តែងចេញពីសកម្មភាពទាំងអស់នេះ ក្រុមហ៊ុន អ័រគីដេវីឡា នឹងខិតខំបន្តសកម្មភាពទាំងអស់នេះបន្តទៀត ក្នុងការចូលរួមចំណែកការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសង្គមជាតិ៕