(តាកែវ)៖ សរសៃគុយទាវបាញ់កាញ់មានជាតិបូរ៉ាក់ធ្ងន់ធ្ងរ ជាង៤០គីឡូក្រាម ត្រូវបានមន្រ្តីកាំកុងត្រូលសាខាខេត្តតាកែវ រកឃើញ និងដកហូត ព្រមទាំងហាមឃាត់មិនឲ្យលក់បន្តទៀត បន្ទាប់ពីរកឃើញថា មានផ្ទុកសារធាតុគីមីបូរ៉ាក់ធ្ងន់ធ្ងរ ដែលកំពុងចរាចរណ៍លក់នៅក្នុងផ្សារសំរោងយ៉ោង ខេត្តតាកែវ។
ការចុះត្រួតពិនិត្យនេះដែរ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ រួមជាមួយមន្ត្រីជំនាញ មន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះត្រួតពិនិត្យ ទំនិញដែលហួសគុណភាព និងគ្រឿងឧបភោគបរិភោគមួយចំនួននៅតាមផ្ទះ និងនៅក្នុងផ្សារសំរោងយ៉ោង ស្ថិតនៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងថា ក្នុងសកម្មភាពចុះត្រួតពិនិត្យនៅក្នុងផ្សារសំរោងយ៉ោង និងនៅតាមផ្ទះជាប់ផ្សារនេះដែរ មន្ត្រីជំនាញរបស់យើងបានរកឃើញ និងធ្វើការដកហូតទឹកក្រូច ហួសកាលបរិច្ឆេទចំនួន៣៦ដប ជាប្រភេទទឹក្រូចដបតូចៗ ដែលជាផលិតផល ផលិតនៅក្រៅស្រុក។ ក្នុងនោះដែរ មន្ត្រីជំនាញសាខាកាំកុងត្រូលក៏បានធ្វើតេសពិនិត្យ ទៅលើប្រភេទសរសៃគុយទាវបាញ់កាញ់ ដោយរកឃើញថា មានផ្ទុកនៅសារធាតុគីមីបូរ៉ាក់ ដាក់នៅលើសរសៃគុយទាវនោះ។
លោក ប៉ោ លាងគង់ បានបញ្ជាក់ថា «ការរកឃើញសារធាតុគីមីបូរ៉ាក់ ដែលដាក់ក្នុងសរសៃគុយទាវនោះ គឺអ្នកផលិតដែលជាអ្នកលក់ បានដាក់នៅសារធាតុគីមីបូរ៉ាក់ច្រើន លើសរសៃគុយទាវនោះ ព្រោះថាតាមការពិនិត្យរបស់មន្ត្រីជំនាញបានបង្ហាញថា ពណ៌របស់វា ដែលនៅជាប់ និងក្រដាសធ្វើតេ្តសនោះ ជានៅដិតហើយជាប់ខ្លាំង បង្ហាញឲ្យឃើញថា ការដាក់សារធាតុគីមីបូរ៉ាក់នេះ គឺអ្នកលក់គាត់បានដាក់ លើសចំណុះច្រើន ដែលយើងអាចនិយាយបានថា ប្រសិនបើមានបងប្អូន ប្រជាពលរដ្ឋ បរិភោគអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពយ៉ាងខ្លាំង ដូចជាធ្វើឲ្យមនុស្សពេញវ័យដែលបានបរិភោគរួច អាចធ្វើឲ្យយើងរលាកក្រពះ ពោះវៀន និងខូចក្រលានជាដើម។ បើសិនជាក្មេងក្រោមអាយុ១០ឆ្នាំ ដែលបរិភោគទៅអាចនិងក្អួតឈាម ស្លាប់ភ្លាមតែម្តង សម្រាប់ការដាក់សារធាតុគីមីបូរ៉ាក់លើសចំណុះរហូតដល់៥គីឡូ លើសរសៃគុយទាវនោះ»។
ចំពោះសកម្មភាពចុះត្រួតពិនិត្យនេះដែរ មានបងប្អូនប្រជាពលរដ្ឋជាច្រើន នៅក្នុងផ្សារសំរោងយ៉ោងបានសំដែង នូវការគាំទ្រខ្លាំងចំពោះសកម្មភាព យ៉ាងសកម្មរបស់សាខាកាំកុងត្រូលខេត្ត ដែលតែងតែយកចិត្តទុកដាក់ពីសុវត្ថិភាពចំណី អាហារដែលពួកគាត់បរិភោគរៀងរាល់ថ្ងៃ។
ក្រោយពីបានដកហូតទឹកក្រូចហួសកាលបរិច្ឆេទ និងសរសៃគុយទាវដែល មានផ្ទុកនៅសារធាតុគីមីបូរ៉ាក់ រួចមន្ត្រីជំនាញបានធ្វើការណែនាំដល់ម្ចាស់ ជាអាជីវករលក់នៅក្នុងផ្សារត្រូវបញ្ឈប់ការ ផលិតសរសៃគុយទាវដែលសារធាតុគីមីបូរ៉ាក់នេះតទៅទៀត និងហាមមិនឲ្យដាក់លក់នៅសរសៃគុយទាវ ប្រភេទ គុយទាវបាញ់កាញ់នេះទៀតនោះទេ ព្រោះវាប៉ះពាល់សុខភាពខ្លាំងដល់ប្រជាពលរដ្ឋ៕