(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ដោយមានការគាំទ្រ និងយកចិត្តទុកដាក់បំផុត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើគោលនយោបាយយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២០ ក្រសួងសុខាភិបាល បានខិតខំអនុវត្តសកម្មភាពកំចាត់ជំងឺគ្រុនចាញ់នេះ ជាបន្តបន្ទាប់យ៉ាងផុសផុល ហើយកំពុងទទួលបានវឌ្ឍនភាពជាវិជ្ជមាន សំដៅលុបបំបាត់ជំងឺគ្រុនចាញ់ តាមកាលកំណត់។
លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកសាស្ត្រចារ្យ សួយសិន ជូ ប្រធាននាយកដ្ឋានជំងឺគ្រុនចាញ់ នៃមជ្ឈមណ្ឌលសម្រាប់ត្រួតពិនិត្យ និងការពារជំងឺឆ្លង នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូចិន នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសុខាភិបាល។
លោកបានជម្រាបជូនភាគីចិនថា ការអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់នេះ ក្រសួងមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បាណកសាស្ត្រ និងប៉ារ៉ាស៊ីតសាស្ត្រ ជាសេនាធិការ ដែលមានបទពិសោធន៍លើការងារកំចាត់ជំងឺគ្រុនចាញ់នេះ តែដោយសារកង្វះខាតធនធាន ក្រសួងបានស្នើសុំទៅភាគីមិត្តចិនធ្វើកិច្ចសហប្រតិបត្តិការ លើផ្នែកសុខភាពសាធារណៈ ក្នុងនោះក៏មានការងារលុបបំបាត់ជំងឺគ្រុនចាញ់ផងដែរ ដោយក្រសួងសុខាភិបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយគណៈកម្មការជាតិសុខាភិបាល និងផែនការគ្រួសារ នៃសាធារណរដ្ឋប្រជាមានិតចិន រួចហើយដែរ។ ដូច្នេះ វត្តមានរបស់គណៈប្រតិភូចិននាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់មិត្តចិន លើការជួយដល់វិស័យសុខាភិបាលកម្ពុជា និងចូលរួមជំរុញឲ្យការលុបបំបាត់ជំងឺគ្រុនចាញ់នេះ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត តាមរយៈការធ្វើសហប្រតិបត្តិការជាមួយគ្នា។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយលើកិច្ចការដ៏មានសារសំខាន់នេះ ដើម្បីជាប្រយោជន៍ប្រជាជនកម្ពុជា និងជាការបន្តនូវចំណងទាក់ទងដ៏ល្អប្រសើររវាងកម្ពុជា និងចិនផងដែរ។
លោកសាស្ត្រចារ្យ សួយសិន ជូ បានសម្ដែងនូវអំណរគុណជូនដល់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបានផ្តល់ពេលវេលាដល់គណប្រតិភូចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ហើយលោកបញ្ជាក់ថា នាយកដ្ឋានរបស់លោក ជាផ្នែកមួយនៃមជ្ឈមណ្ឌល សម្រាប់ត្រួតពិនិត្យ និងការពារជំងឺឆ្លងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានទីតាំងនៅទីក្រុងសៀងហៃ ហើយក្រុមការងាររបស់លោក បានអភិវឌ្ឍផែនការអនុវត្តកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈ ដោយឈរលើមូលដ្ឋានអនុស្សរណៈយោគយល់គ្នា ដែលមានស្រាប់ផង និងបទពិសោធន៍នៃការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងៗទៀតផង។
សម្រាប់កកម្ពុជា កិច្ចការលុបបំបាត់ជំងឺគ្រុនចាញ់ ត្រូវបានចាត់ទុកជាកិច្ចការដ៏សំខាន់របស់ភាគីចិនដែរ ហើយក្រុមការងាររបស់លោក នឹងខិតខំជួយដល់កម្ពុជាលើវិស័យនេះ ដោយយកចិត្តទុកដាក់បំផុតលើការងារមួយចំនួន រួមមាន៖
១៖ ការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក លើកិច្ចការលុបបំបាត់ជំងឺគ្រុនចាញ់នេះ
២៖ ដោយសហការជាមួយមជ្ឈមណ្ឌល សហការមន្ទីរពិសោធន៍អង្គការសុខភាពពិភពលោក ដើម្បីប្រើប្រាស់ការធ្វើតេស្តភីស៊ីអា (PCR Test) រកមេរោគគ្រុនចាញ់ និងការព្យាបាលដោយឱសថគ្រុនចាញ់
៣៖ ការបណ្តុះបណ្តាលធនធានមនុស្ស ថ្នាក់ក្រោមឧត្តម ដូចជាកម្មវិធីម៉ាស្ទឺរ និងបណ្ឌិតជាដើម ដែលក្នុងនោះក៏មានការបណ្តុះបណ្តាលពាក់ព័ន្ធនឹងភាពស៊ាំនៃឱសថគ្រុនចាញ់ផងដែរ៕