(ភ្នំពេញ)៖ សាធារណរដ្ឋប្រជាមានិតចិន មានបំណងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ដើម្បីអភិវឌ្ឍវិស័យការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគនារតីមួយនេះ និងទាក់ទាញការវិនិយោគថ្មីៗ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកថ្លែងបែបនេះក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោក Huang Xiqiang ប្រធានមន្ទីរការងារបរទេសប្រចាំខេត្តជាំងស៊ូ នៃប្រទេសចិន នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
លោករដ្ឋមន្ត្រីលើកឡើងថា ក្នុងជំនួបក៏បានលើកឡើងពីគម្រោងមួយ ដែលសំខាន់សម្រាប់កម្ពុជា គឺការអភិវឌ្ឍបច្ចេកទេសវិជ្ជាជីវៈនៅក្នុងប្រទេស ពិសេសនោះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
លោកថ្លែងយ៉ាងដូច្នេះថា «កន្លងមកយើងបានគម្រោងថ្មីមួយ គឺវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ កម្ពុជា-ចិន នៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ។ មកដល់ពេលនេះ ការសាងសង់វិទ្យាស្ថាន ៩០% ហើយចំណាយទុនប្រមាណ ១០លានដុល្លារអាមេរិក»។
លោករដ្ឋមន្ត្រីថា ការបង្កើតវិទ្យាស្ថាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តជាំងស៊ូ ប្រទេសចិន ពិសេសជាមួយក្រុមហ៊ុន នៅតំបន់នោះជាមួយក្រសួងការងារ សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបម្រើការងារដល់តំបន់សេដ្ឋកិច្ចពិសេស និងបម្រើដល់វិស័យការងារ នៅទូទំាងប្រទេសកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា វិទ្យាស្ថាននេះ នឹងធ្វើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទូទៅ បម្រើឲ្យវិស័យឧស្សាហកម្ម ក្នុងនោះមានវិស័យកម្មន្តសាល កាត់ដេរសំម្លៀកបំពាក់ ផ្នែកអេឡិចត្រួនិច សំណង់ និងបច្ចេកទេសគ្រប់ប្រភេទ។ វិទ្យាស្ថានដែលនឹងដាក់ដំណើរការ នៅចុងឆ្នាំ២០១៧ នេះនឹងទទួលការបណ្តុះបណ្តាលសិស្ស-និស្សិតសិក្សា រាប់ពាន់នាក់។
លោករដ្ឋមន្ត្រីថា ការបង្កើតវិទ្យាស្ថានកម្ពុជាចិន ស្របពេលដែលកម្ពុជាមានតម្រូវការខ្លំាង ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ពិសេសនោះ នឹងធ្វើឲ្យកម្ពុជាប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតទាប និងជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ លោករដ្ឋមន្ត្រីបន្ថែមថា ការបង្កើតវិទ្យាស្ថាន និងកាត់បន្ថយអ្នកគ្មានជំនាញទៅជាអ្នកមានជំនាញ។ វិទ្យាស្ថាននេះ នឹងបណ្តុះបណ្តាលដោយភាគីចិន និងកម្ពុជាលើមុខវិជ្ជាចម្រុះ។
យ៉ាងណាក្តី សម្រាប់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា-ចិននេះ ត្រូវបានលោករដ្ឋមន្ត្រីបានឲ្យដឹងថា ក៏មានការចូលពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន និងភាគីចិន។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ មានរោចក្រជាង១០០រោងចក្រ ដោយបានផ្តល់ការងារជូនកម្មកនិយោជិកពី ១ម៉ឺននាក់ ទៅ១ម៉ឺន៥ពាន់នាក់៕