(ភ្នំពេញ)៖ វិសាខបូជា ជាបុណ្យក្នុងព្រះពុទ្ធសាសនា ដ៏សំខាន់សម្រាប់ពុទ្ធសាសនិក គោរពប្រតិបត្តិ ដែលត្រូវប្រារព្ធនៅថ្ងៃទី១៥ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
តើបុណ្យសាសនានេះ មានប្រវត្តិបែបណា? ហេតុអ្វីចាំបាច់រៀបចំបុណ្យនេះ? អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវប្រវត្តិបុណ្យវិសាខបូជា ជូនប្រិយមិត្តអ្នកអាន ស្វែងយល់ដូចខាងក្រោម៖
* ពិធីបុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ច ដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធ សមណគោត្ដមបរមគ្រូ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។
ការដែលប្រារឰពិធីបូជានា ថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាមហាមង្គល អភិលក្ខិតកាល គឺជាថ្ងៃមហាមង្គលត្រូវនឹងថ្ងៃ ដែលព្រះសម្ពុទ្ធបរមគ្រូ៖
១៖ ទ្រង់ប្រសូតចាកឧទរមាតា
២៖ ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញាណ
៣៖ ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូតត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខទាំងអស់ប្លែកតែឆ្នាំប៉ុណ្ណោះ ព្រោះហេតុនោះហើយបាន ជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា៖ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ។
សេចក្ដីថា៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។ ជាប្រពៃណីពិធីវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា «បុណ្ណមី» មានសេចក្ដីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀតការប្រារឰពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង និងម្យ៉ាងទៀតដើម្បីបើកឱកាស ឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុស ទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ជាវេលាទំនេរផង។
ប្រភពកំណើតនៃវិសាខបូជា
បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះ ហរិរក្សរាមាឥស្សរាធិបតី «ព្រះអង្គឌួង» ដែលគង់នៅក្នុងឧដុង្គជាដំបូងព្រោះថា ក្នុងពុទ្ធសករាជ២៣៩៧ គ្រិស្ដសករាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យ ស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ។
គម្ពីរទី៣ ហៅថា «បឋមសម្ពោធិកថា» គឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី «ប៉ែន» គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែនិងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ «សា» ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូចច្បាប់ដើម។ គម្ពីរនេះមានជាបែបបទសំរាប់ទេសនា ក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្មយុត្ដិកនិ កាយទូទាំងប្រទេសខ្មែរ។ ការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះប្រហែលជាមានធ្វើតែក្នុងក្រុងមិនទាន់បាន ផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមដែរ។
មុនសម័យពុទ្ធកាល ប្រទេសឥណ្ឌា មានឈ្មោះថា ជម្ពូទ្វីប ចែកជាពីរផ្នែក។ ផ្នែកខាងក្នុងហៅថា មជ្ឈិមប្រទេស និងផ្នែកខាងក្រៅ ហៅថា បច្ចន្ដប្រទេស។ ប្រទេសនេះ មានរាជាណាចក្រច្រើនតូច-ធំ។ ខ្លះជារាជាធិបតេយ្យ ខ្លះជាសន្ដតិវង្សច្រើនរួមគ្នា ។ បណ្ដានគរទាំងឡាយដែលតាំងក្នុងមជ្ឈិមប្រទេស ក្រុងកបិលពស្ដុ ជារាជាណាចក្រមួយ ស្ថិតនៅតំបន់ជើងភ្នំហេមពាន្ដ គ្រប់គ្រង និងដឹកនាំដោយព្រះបាទសុទ្ធោទនៈ និងព្រះអគ្គមហេសី ព្រះនាងសិរិមហាមាយា។
កាលមុនពុទ្ធសករាជ៨០ឆ្នាំ នៅពេលដែលទ្រង់គភ៌គ្រប់១០ខែហើយ ព្រះនាងសិរិមហា មាយា ក៏បានស្នើសុំព្រះបរមរាជានុញាតពីស្វាមី ដើម្បីយាងទៅប្រសូតបុត្រនៅទីក្រុងទេវទហៈ ដែលជាទីក្រុងកំណើតរបស់ព្រះនាងតាមប្រពៃណី នៃជនជាតិឥណ្ឌានាពេលនោះ។
នៅចន្លោះក្រុងកបិលពស្ដុ និងក្រុងទេវទហៈ មានសួនឧទ្យានមួយឈ្មោះថា ឧទ្យានលុម្ពិនី។ ការយាងទៅក្រុងទេវទហៈរបស់ព្រះនាងសិរិមហាមាយា ត្រូវឆ្លងកាត់សួនឧទ្យាន លុម្ពិនីនោះ។ នៅពេលដែលយាងទៅដល់សួនឧទ្យានលុម្ពិនី ព្រះនាងសិរិមហាមាយា ក៏ត្រូវដល់ពេលកំណត់ប្រសូតព្រះរាជបុត្រ។ ព្រះនាងក៏ប្រសូតបានព្រះរាជបុត្រមួយអង្គ មានលក្ខណៈ គ្រប់គ្រាន់ជាមហាបុរិសលក្ខណៈ។
ប្រសូតហើយ ពេលយាងចុះពីដៃស្រីស្នំ ព្រះរាជឱរស បានយាងដោយព្រះបាទបាន៧ជំហាន ហើយទ្រង់ឈប់ឈរនឹងរួចបែរព្រះភ័ក្ដ្រទៅទិសឧត្ដរ ទ្រង់បន្លឺព្រះវាចាថា ខ្លួនយើងជាកំពូលនៃលោកជាបុគ្គលប្រសើរជាង គេក្នុងលោកជាចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះ ជាកំណើតចុងបំផុតរបស់យើង អំណើះ តទៅមុខ យើងលែងកើតទៀតហើយ។
ព្រះអង្គកើតក្នុងត្រកូលពួកជនជាតិអរិយកៈ ក្នុងមជ្ឈិមជនបទនៃជម្ពូទ្វីប ដែលសក្កៈ ត្រកូលក្សត្រសាក្យៈ ជាគោតមគោត្រ។ ព្រះបិតាព្រះនាមសុទ្ធោទនៈ ជាព្រះរាជបុត្រ ព្រះបាទសីហហនុរាជ គង់នៅក្រុងកបិលពស្ដុ។ ព្រះមាតាព្រះនាមព្រះនាងសិរិមហាមាយា គង់នៅក្រុងទេវទហៈជាព្រះរាជបុត្រី នៃព្រះបាទអញ្ជនៈក្នុងក្រុងទេវទហៈ ។
បន្ទាប់ពីប្រសូតព្រះរាជបុត្រហើយ ព្រះនាង សិរិមហាមាយា ក៏យាងត្រឡប់មកក្រុងកបិល ពស្ដុវិញ។ ជាមួយគ្នានេះ មានតាបសម្នាក់ អាយុចំណាស់បន្ដិច មានស្រុកកំណើត ស្ថិតនៅជិតក្បែរតំបន់កបិលពស្ដុនោះដែរ គាត់ជាអ្នកចេះមើលលក្ខណៈមនុស្សយ៉ាងស្ទាត់ជំនាញ។ តាបសនោះក៏ចូលទៅមើលព្រះរាជបុត្រ ដោយពិនិត្យយ៉ាងល្អិតល្អន់នូវ លក្ខណសម្បត្ដិរបស់ ព្រះរាជឱរសហើយពោលថា «នេះជាមហាបុរសពិតប្រាកដមែន»។
៥ថ្ងៃក្រោយមក ព្រះបាទសុទ្ធោទនៈ ក៏បានអញ្ជើញព្រាហ្មណ៍១០៨នាក់មកទាយ លក្ខណៈព្រះរាជឱរស និងថ្វាយព្រះនាម។ ក្នុងបណ្ដាព្រាហ្មណ៍ទាំង១០៨នាក់ ជ្រើសរើសចម្រាញ់យកបានតែព្រាហ្មណ៍៨នាក់ប៉ុណ្ណោះ ដើម្បីថ្វាយព្រះនាមព្រះរាជបុត្រ។ ព្រាហ្មណ៍ ទាំងអស់ក៏បានសំរេចថ្វាយព្រះនាមថា សិទ្ធត្ថ ដែលមានន័យថា ជាអ្នកធ្វើឱ្យសំរេចប្រយោជន៍ ដល់មនុស្សសត្វទូទៅ។ ព្រាហ្មណ៍ ទាំងនេះ មិនត្រឹមតែជ្រើសរើសព្រះនាមប៉ុណ្ណោះទេ ថែមទាំងបានទស្សន៍ទាយនូវនិស្ស័យផ្សេងៗ ថែមទៀតរបស់ព្រះរាជឱរសផង។ ព្រាហ្មណ៍ ជាច្រើនបានទាយថា «ព្រះរាជឱរស បើនៅ ជាគ្រហស្ថ នឹងបានជាស្ដេចចក្រពត្ដិ បើទ្រង់ ចេញបំពេញផ្នួសនឹងបានត្រាស់ដឹងជាព្រះពុទ្ធ។ ចំណែកព្រាហ្មណ៍ទី៨ គឺកោណ្ឌញព្រាហ្មណ៍ ដែលនៅក្មេងជាងគេ បានលើកដៃតែមួយឡើង ហើយទាយតែម្យ៉ាងថា ព្រះមហាបុរសនឹង ទ្រង់ព្រះផ្នួស ហើយបានត្រាស់ជាព្រះពុទ្ធពិត ប្រាកដ»។
២ថ្ងៃក្រោយ ថ្ងៃដែលពួកព្រាហ្មណ៍បាន ថ្វាយព្រះនាមព្រះរាជឱរសមក ព្រះនាងសិរិ មហាមាយា ក៏ទ្រង់សោយព្រះទិវង្គត។ ព្រះបាទសុទ្ធោទនៈ ក៏ទ្រង់ផ្ទុកផ្ដាក់ការ ចិញ្ចឹមបីបាច់ថែរក្សាព្រះរាជឱរសឱ្យទៅព្រះនាងបជាបតិគោតមី ដែលត្រូវជាប្អូនបង្កើត ព្រះនាងសិរិមហាមាយា និងជាព្រះស្នំមួយព្រះអង្គដ៏ពិសេស ព្រមទាំងជាអ្នកមេដោះ ដ៏ជិតស្និទ្ធបំផុតផង។
ការប្រសូត
* ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នាឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិតនៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវទហៈនាវេលាថ្ងៃត្រង់។
* ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាងកើតក្នុងថ្ងៃនោះដែរ គឺព្រះនាងពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ១, មហាពោធិព្រឹក្ស១ និងកំណប់ទ្រព្យទាំងបួន១ ។
អភិសេក
ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុងព្រះជន្មគំរប់២៩ព្រះវស្សា ។
សាងព្រះផ្នួស
ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថទ្រង់ចេញសាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង។
ត្រាស់ដឹង
ព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពោធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះវស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្រោមដើមពោធិព្រឹក្ស១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយាសព្វថ្ងៃហៅពុទ្ធគយា។
សំដែងធម្មចក្កប្បវត្ដនសូត្រ
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែអាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុ នៅឥសិបតនមិគទាយវន។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សាគឺ៖
១៖ ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២៖ ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣៖ ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤៖ ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥៖ ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើមពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។ រយៈកាល៤៥ព្រះវស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មកព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែងព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិតជាធម្មក្ខន្ធមាន៨៤,០០០ព្រះធម្មក្ខន្ធ ដែលចែកជាព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម៕