(ភ្នំពេញ)៖ នៅសាលារៀនអន្តរទ្វីបអាមេរិកកាំង ពេញមួយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមមន្ត្រីជំនាញ សុវត្ថិភាពម្ហូបអាហារ មកពី សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការអញ្ជើញពីគណៈគ្រប់គ្រងសាលារៀនអន្តរទ្វីបអាមេរិកាំង បានចុះធ្វើបទបង្ហាញមួយស្តីពី «សុវត្ថិភាពម្ហូបអាហារ» ដែលមានសិក្ខាកាមជាសិស្ស កំរិតវិទ្យាល័យប្រមាណ ៣៥០នាក់ និងលោកគ្រូអ្នកគ្រូមួយចំនួនផងដែរ។
សិក្ខាសាលាបានយកប្រធានបទសំខាន់ៗ មួយចំនួនមកបង្ហាញគឺ ទី១៖ ចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាព ម្ហូបអាហារពីកសិដ្ឋានដល់តុបរិភោគ, ទី២៖សារធាតុគីមីខុសច្បាប់ និងក្រោមបទដ្ឋានកំណត់ ដែលមានផលប៉ះពាល់ដល់ម្ហូបអាហារ, ទី៣៖សារៈសំខាន់ នៃសារធាតុអ៉ីយ៉ូតក្នុងអំបិលអ៊ីយ៉ូត និងទី៤៖ ការទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងការប្រកបរបបអាជីវកម្មម្ហូបអាហារ និងសិទ្ធិ នៃការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់។
លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោល ដែលមកពីអគ្គនាយកដ្ឋានកាំកុងត្រូល និងជាអនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានថ្លែងថា អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងបញ្រ្ជាបការយល់ដឹង ទាំងខាងផ្នែកទទួលខុសត្រូវ ទាំងខាងផ្នែកច្បាប់ ទាំងចំណេះដឹងមូលដ្ឋាន ជុំវិញការនាំចូល ការដឹកជញ្ជូន ការរក្សាទុក ការចែកចាយ រួមទាំងរបៀប នៃការចំអិនផងដែរ ដល់អ្នកធ្វើអាជីវកម្មពាក់ព័ន្ធម្ហូបអាហារទាំងអស់នៅទូទាំងប្រទេស។
លោកបញ្ជាក់ថា ក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន ចំណាត់ការផ្លូវច្បាប់មួយមុខ បូកបញ្ចូល និងសកម្មភាពទប់ស្កាត់ បង្រ្កាបរបស់សមត្ថកិច្ចជំនាញតែមួយផ្នែក មិនគ្រប់គ្រាន់ទេ គឺទាមទារឲ្យមានការអប់រំ បណ្តុះមនសិការ ក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានទូលំទូលាយថែមទៀត ដល់បងប្អូនអ្នករកទទួលទានពាក់ព័ន្ធ ម្ហូបអាហារទាំងអស់។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានបន្តថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តែងតែប្រកាសឲ្យមានការចូលរួមពីអាជីវករ និងអ្នកប្រើប្រាស់ជាមួយសមត្ថកិច្ចជំនាញ ក្នុងការកាត់បន្ថយ នឹងឈានទៅរកការបំបាត់ទាំងស្រុងម្ហូបអាហារ គ្មានសុវត្ថិភាពលើទឹកដីកម្ពុជា។
សូមបញ្ជាក់ថា លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃស្ថាប័នជំនាញម្ហូបអាហារមួយនេះ តែងតែផ្តាំផ្ញើដល់អ្នកប្រើប្រាស់ ពិសេសស្រទាប់យុវវ័យ ដើម្បីក្លាយខ្លួនជាសរសរទ្រូងប្រទេសជាតិពិតប្រាកដ ត្រូវតែមានចំណេះដឹងដែលជាអទិភាពទីមួយនេះ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានស៊ីជំរៅ ពិសេសត្រូវតែចៀសវាងការជក់បារី ការផឹកគ្រឿងស្រវឹង ការការប្រើប្រាស់គ្រឿងញៀនតាមគ្រប់រូបភាព៕