(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ប្រយុទ្ធប្រឆាំងគ្រឿងញៀន មកពីបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គមាន កម្ពុជា ចិន ឡាវ ថៃ វៀតណាម ភូមា និងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មជាច្រើនរូប បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០១៧ ។
ពិធីខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក Olivier lermet ជាតំណាងលោក Jeramy Douglas សហប្រធាននៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់។
ក្រោយកិច្ចប្រជុំនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវសេចក្តីព្រាងនៃផែនការសកម្មភាព អនុតំបន់ទី១០ ដែលប្រទេសហត្ថលេខី MoU រួមទាំង UNODC ដែលបាន និងកំពុងផ្តោតជាសំខាន់ទៅលើ រួមមាន៖
ទី១៖ យន្តការសហប្រតិបត្តិការអន្តរជាតិ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
ទី២៖ ការអនុវត្តតាមអនុសាសន៍របស់អង្គការ UNGASS កិច្ចប្រជុំពិសេសពេញអង្គ របស់អង្គការសហប្រជាជាតិ ស្តីពី បញ្ហាគ្រឿងញៀនពិភពលោក (តុល្យភាពនៃការអនុវត្តច្បាប់ និងសុខភាព )
ទី៣៖ ដំណាំមានទីផ្សារ ជំនួសការដាំដុះដំណាំអាភៀន
ទី៤៖ ការកសាងឲ្យបានរឹងមាំបន្ថែមទៀត នូវភាពជាដៃគូ នៃប្រទេសមហាអនុតំបន់ទន្លេមគង្គ ជាពិសេសយន្តការ ការិយាល័យទំនាក់ទំនងព្រំដែន BLO
ទី៥៖ ការធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធយុត្តិធម៌៕