(មណ្ឌលគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ រកទំនិញខូចគុណភាព តាមផ្ទះនានា នៅឃុំពូជ្រៃ ស្រុកពេជ្រាដា និងបានធ្វើតេស្តរកសារធាតុគីមី (BORAX) នៅក្នុងនំបញ្ចុក លត ប្រហិតគ្រប់មុខតែលទ្ធផល មិនមានទេ ម្ហូបអាហារទាំងអស់។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងាររបស់លោក បានធ្វើការត្រួតពិនិត្យតាមផ្ទះលក់ ទំនិញនានានៅឃុំពូជ្រៃ ហើយរកឃើញដូចជា៖ ទឹកក្រូចម៉ាកគូលែន ចំនួន៦ដប និងទឹកក្រូចម៉ាក Fanta ចំនួន៦ដប និងម្ស៉ៅស៊ុបរ៉តឌី ចំនួន៣កញ្ចប់ ដាក់លក់ហួសកាលបរិច្ឆេទ និងបានធ្វើការដកហូតយកទៅដុតកម្ទេចចោល។
ទន្ទឹមនឹងនេះ ក្រុមការងាររបស់លោក បានធ្វើការណែនាំដល់អាជីវករឲ្យចៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។
ក្រុមការងារក៏ បានធ្វើការណែនាំអាជីវករឲ្យមានការប្រុងប្រយ័ត្ន ចៀសវាងនូវការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទ ប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
ជាមួយគ្នានោះ ក្រុមការងារបានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកាំកុងត្រូល ស្តីពីសូមពិចារណា មុននឹងជ្រើសរើស ផលិតផលម្ហូបអាហារ មួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវមុខទំនិញណាមួយ គួរប្រើប្រាស់ និងមុខទំនិញណាមិនគួរប្រើប្រាស់៕