(ភ្នំពេញ)៖ ក្រុមហ៊ុន Kerry Worldbridge Logistics នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកសម្ពោធតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយ (ឃ្លាំងស្តុកទំនិញចេញ-ចូល) មានដែនកំណត់របស់ខ្លួនជាផ្លូវការហើយ ក្នុងទំហំទុនវិនិយោគជាង១០០លានដុល្លារអាមេរិក ក្រោមអធិបតីភាពលោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានលោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Kerry Worldbridge Logistics LTD។

ក្រុមហ៊ុន Kerry Worldbridge Logistics មានទីតាំងលាតសន្ធឹងលើផ្ទៃដី៦៣ហិកតា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអាចស្រូបយកកម្លាំងពលកម្ម ក្នុងស្រុកមិនតិចពី២ម៉ឺននាក់ឡើយ។

ក្នុងពិធីបើកសម្ពោធខាងលើ លោកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងថា ការបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងឱឡារិកថា កម្ពុជាបាននិងកំពុងអភិវឌ្ឍវិស័យសេវាកម្មផ្នែកភ័ស្ដុភារ ដឹកជញ្ជូន និងឃ្លាំងស្ដុកទំនិញចេញចូល (ភណ្ឌាគារគយ) មានដែនកំណត់ ក្នុងកម្រិតស្ដង់ដារអន្តរជាតិ ដូចនៅបណ្តាប្រទេសក្នុងតំបន់ និងពាសពេញពិភពលោក ដែលអាចផ្ដល់ការទ្រទ្រង់ និងលើកស្ទួយសុវត្ថិភាព ប្រសិទ្ធភាពក្នុងការដឹកជញ្ជូន ការចល័ត ការផ្ទេរ និងរក្សាទុកទំនិញសព្វសារពើរបស់អតិថិជន ឲ្យផុតពីក្ដីកង្វល់លើការបាត់បង់ ការខូចខាត និងការខ្ជះខ្ជាយពេលវេលា ព្រមទាំងអាចទាក់ទាញការវិនិយោគផ្ទាល់ ខាងផ្នែកផលិតកម្ម ឧស្សាហកម្ម គ្រឿងយន្ត និងអេឡិចត្រូនិចពីបរទេស តាមរយៈការផ្ដល់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធស្ដង់ដារអន្តរជាតិ ដើម្បីជួយសម្រួលដល់ការវិនិយោគថ្មីៗទាំងនោះ នៅកម្ពុជាថែមទៀត។

លោកឧកញ៉ាបានបន្តថា សមិទ្ធផលទាំងនេះ មិនមែនកើតឡើងសម្រាប់តែប្រយោជន៍របស់ក្រុមហ៊ុន Kerry Worldbridge Logistics ប៉ុណ្ណោះទេ ពោលគឺគម្រោងនេះ នឹងបង្កើនសក្ដានុពលនៃទីផ្សារពលកម្មនៅកម្ពុជា បានជាច្រើនម៉ឺននាក់ ដែលជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។ តំបន់សេដ្ឋកិច្ចសេស និងភណ្ឌាគារគយមានដែនកំណត់នេះ ពិតជាអាចទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ឲ្យចូលមកបណ្ដាក់ទុកវិនិយោគលើវិស័យនានានៅកម្ពុជាឲ្យបានច្រើន ដែលអាចនាំលំហូរសាច់ប្រាក់វិនិយោគមិនតិចជាង ៣០០លានដុល្លារអាមេរិកឡើយ។

គម្រោងនេះមានទុនវិនិយោគសរុប ជាង១០០លានដុល្លារអាមេរិក ហើយក្រុមហ៊ុនត្រូវចំណាយអស់ប្រាក់ ៦០លានដុល្លារអាមេរិក ទៅលើផ្នែកទី១នៃគម្រោង។ តាមការធ្វើនិទស្សន៍ (តឹកតាងពន្យល់ហេតុផល) របស់ក្រុមហ៊ុនបង្ហាញថានៅពេលប្រតិបត្តិការជាផ្លូវការ ពេញលេញរបស់ខ្លួន ក្រុមហ៊ុនអាចផ្ដល់ជាទីផ្សារពលកម្មថ្មីជូនប្រជាពលរដ្ឋកម្ពុជា មិនតិចជាង២ម៉ឺននាក់ឡើយ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Kerry Worldbridge Logistics មានតួនាទីចំនួន ២ចំណុចសំខាន់ៗ រួមមាន៖ ១.ជាតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) និង២.ជាអគារតាំងបង្ហាញផលិតផល និងភណ្ឌាគារគយមានដែនកំណត់ប្រភេទ «ក» (Class A Customs Bonded Warehouse and Showroms)។

លោករដ្ឋលេខាធិការ វង្សី វិសុទ្ធ ក៏បានថ្លែងដែរថា ចាប់ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៥តំបន់ ដែលបានពង្រីកទំហំពាណិជ្ជកម្មកម្ពុជា រហូតដល់ទៅ ២.៨៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៦ កើនឡើង១.២% បើធៀបនឹងឆ្នាំ២០១៥ និងបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ បានចំនួន ៨៦,០០០កន្លែងផងដែរ។

សូមជម្រាបថា ពិធីបើកសម្ពោធនេះក៏មានការចូលរួមពី លោក George Yong Boon Yeo អតីតរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី ប្រធានសម្ព័នក្រុមហ៊ុន KERRY និងជានាយកប្រតិបត្តិនៃបណ្ដាញក្រុមហ៊ុនភ័ស្តុភារ KERRY លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមន្រ្តីគយ បុគ្គលិក និងអ្នកចូលរួមជាច្រើនរយនាក់ទៀតផងដែរ៕