(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ និង៣នាក់ទៀតកំពុងបាត់ខ្លួន ក្រោយការវាយប្រហារដោយពួកឧទ្ទាមមួយ នៅអាហ្រ្វិកកណ្តាល នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ។ ការវាយប្រហារនេះ ក៏បានធ្វើឱ្យទាហានម៉ារ៉ុក៥នាក់រងរបួសធ្ងន់ស្រាល និងបាត់ខ្លួនម្នាក់ផងដែរ។
ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាង នៅទីរួមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងមានការសោកស្តាយមួយ ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីចូលរួមមរណទុក្ខចំពោះកងកម្លាំងរបស់យើង ដែលកំពុងស្ថិតនៅអាហ្រិកកណ្តាល ការពារឱ្យកងកម្លាំងរបស់ម៉ារ៉ុក ត្រូវក្រុមឧទ្ទាមវាយប្រហារ បណ្តាលស្លាប់ម្នាក់ និងកំពុងបាត់ខ្លួន៣នាក់។ ឯខាងម៉ារ៉ុករបួសធ្ងន់ស្រាល៥នាក់ ហើយក៏បាត់ខ្លួនម្នាក់ដែរ»។
បើតាមសម្តេចតេជោ, ទាហានមួកខៀវកម្ពុជា ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារនោះមានឈ្មោះ គឹម សំ មានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក មានស្រុកកំណើតនៅខេត្តសៀមរាប ជាអ្នកបើករថយន្ត។ ពេលនេះសពទាហានកម្ពុជា រួមទាំងទាហានរងគ្រោះដទៃទៀត ត្រូវបានដឹកដោយឧទ្ធម្ភាគចក្រ ទៅកាន់កន្លែងមួយផ្សេងទៀត ហើយកងកម្លាំងកម្ពុជា និងម៉ារ៉ុក ក៏បានស្វែងរកទាហានដែលបាត់ខ្លួនផងដែរ។
ជាមួយនឹងការថ្លែងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារទាហានដែលទទួលមរណភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យអង្គការសហប្រជាជាតិដែលនាំ ទាហានកម្ពុជា ទៅកាន់តំបន់នោះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវចំពោះទាហានកម្ពុជា ដែលបាត់បង់ជីវិត និងទាហានដែលបាត់ខ្លួន។ បើក្នុងករណីដែលទាហានបាត់ខ្លួនទាំងនោះ ត្រូវបានពួកឧទ្ទាមចាប់ដើម្បីធ្វើជាថ្នូរនោះ អង្គការសហប្រជាជាតិ ក៏ត្រូវយកចិត្តទុកដាក់ការពារដល់អាយុជីវិតរបស់ពួកគេផងដែរ។
សម្តេចតេជោ បានបន្ថែមថា៖ «ប្រសិនបើបងប្អូនគ្រាន់តែរត់គេចពីការវាយប្រហារ ដោយកម្លាំងឧទ្ទាមនៅអាហ្វ្រិកកណ្តាល បងប្អូននឹងត្រឡប់មករកទីតាំង វិញនៅពេលភ្លឺ ប៉ុន្តែឥឡូវប្រហែលជានៅឯនោះមិនទាន់ភ្លឺនៅឡើយទេ ប៉ុន្តែប្រសិនបើគេចាប់ដើម្បីធ្វើជាថ្នូរ ជាមួយនឹងអ្វីមួយ ស្នើឱ្យអង្គការសហប្រជាជាតិ ដែលជាអ្នកទទួលខុសត្រូវ យកចិត្តទុកដាក់ធានាការពារអាយុជីវិតពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋរបស់ម៉ារ៉ុក ដែលកំពុងបាត់ខ្លួននេះ»។
សម្តេចបានបន្ថែមទៀតថា៖ «គោលដៅនៃការវៃប្រហាររបស់ក្រុមឧទ្ទាម គឺសម្តៅរំដោះឈ្លើយសឹកដែលចាប់បាន ហើយនៅគៀកនឹងទីតាំងដែលកងទ័ព របស់យើងស្នាក់នៅ អញ្ចឹងប្រហែលជាគេអាច នឹងធ្វើការទាមទារដោះដូរជាថ្នូរ រវាងឈ្លើយសឹករបស់គេ ជាមួយនឹងទាហានរបស់យើង។ ដូច្នេះខ្ញុំ សូមអំពាវនាវឱ្យអង្គការសហប្រជាជាតិ យកការទទួលខុសត្រូវមួយដ៏ខ្ពស់ ដើម្បីធានាអាយុជីវិតទាហានរបស់កម្ពុជា»។
សូមបញ្ជាក់ថា កម្ពុជាក្រោមស្លាកអង្គការសហប្រជាជាតិ បានបញ្ជូនទាហានមួកខៀវជាបន្តបន្ទាប់ ដើម្បីបំពេញបេសកកម្មសង្រ្គោះ និងដោះមីន នៅប្រទេសមួយចំនួន។ របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្ម របស់អង្គការសហប្រជាជាតិ បានចំនួន៣.៥៥៧នាក់ ក្នុងនោះមានទៅបំពេញបេសកម្មបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្ដា ប្រទេសនានា ដូចជា ប្រទេសស៊ូដង់, សូដង់ខាងត្បូង ឆាដ-សាធារណរដ្ឋអាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី និង អាហ្វ្រិកកណ្ដាលជាដើម៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖