(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយចំនួន ទៅចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសចិន រយៈពេល២ថ្ងៃ។ វេទិកានេះ នឹងប្រព្រឹត្តទៅ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែឧសភា ឆ្នាំ២០១៧។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។

ការអញ្ជើញទៅចូលរួមវេទិកានេះរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន។ គណៈប្រតិភូជាន់ខ្ពស់ ដែលអមសម្តេចតេជោ ទៅចូលរួមវេទិកានេះ រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិករាជរដ្ឋាភិបាលដទៃទៀត។
ការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមជាមួយប្រមុខរដ្ឋាភិបាល និងប្រមុខរាជរដ្ឋាភិបាលដទៃទៀត ក្នុងកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំ ដែលមាន លោក ហ្ស៊ី ជិនពីង ជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនោះ ដែលមានប្រធានបទ «ពង្រឹងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន»។ ទន្ទឹមនឹងកិច្ចប្រជុំនេះ សម្តេចតេជោ នឹងមានជំនួបជាមួយ លោក អ៊ែដេណឺបាត ចាហ្គាល់ទុលហ្គា នាយករដ្ឋមន្រ្តី ម៉ុងហ្គោលី និងទទួលជួបសម្តែងការគួរសមពីប្រធានក្រុមហ៊ុនចិនមួយចំនួនផងដែរ។

ក្រសួងការបរទេស បានប្រកាសទៀតថា បន្ទាប់បញ្ចប់វេទិកា «ខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» សម្តេចតេជោ ហ៊ុន សែន នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនពីថ្ងៃទី១៦ ដល់ ១៧ ខែឧសភា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ អំឡុងបំពេញទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំចិន រួមមាន ជំនួបជាមួយ លោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង, លោកនាយករដ្ឋមន្រ្តី លី ខឹឈាង, លោក ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិន និង លោក យូ ផឹងស៊ីង ប្រធានសភាប្រឹក្សានយោបាយចិនផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាស៖