(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញសម្ពោធសាលាអនុគុណ និងសមិទ្ធិផល ក្នុងវត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគ្រោងចំណាយថវិកាជិត៤០ម៉ឺនដុល្លារ។
អញ្ជើញចូលរួមសម្តេចព្រះពោធិ៍វ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី២ លោក គោស៊ុ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក មន្ត្រីរាជការប្រដាប់អាវុធ ព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋជាង២០០០នាក់។
នៅក្នុងកាសនោះនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា ក្នុងកាលៈទេសៈប្រទេសជាតិកម្ពុជាកំពុងមានសុខសន្តិភាព ខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង ជាមួយនឹងដៃគូសន្តិសុខ ឲ្យកាន់តែល្អប្រសើរគឺដោយសារមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការជំរុញការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងសមត្ថភាព លើគ្រប់វិស័យ ទាំងការអភិវឌ្ឍធនធានមនុស្ស។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន បាននិងកំពុងបន្តសម្រេចបានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗជាច្រើន តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុងនោះជោគជ័យ នៃកិច្ចការពារ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណ រក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ឆ្លងសាលាអនុគុណក្រុង ស្រោចស្រង់សុគន្ធវារីប្រគេនរាជាគណៈថ្នាក់កិត្តយល និងការសម្ពោធសមិទ្ធិផលនានា ដើម្បីដាក់ឲ្យប្រើប្រាស់រួមមាន៖ សាលាអនុគុណ១ខ្នង បណ្តោយ១២.៤០ម៉ែត្រ ទទឹង១៨.២០ម៉ែត្រ កម្ពស់៣ជាន់ ធ្វើអំពីបេតុងអាមេ ក្លោងទ្វារទទឹង១៤ម៉ែត្រ កម្ពស់១៦.៤០ម៉ែត្រ ផ្លូវចូលប្រវែង១២៦៥ម៉ែត្រ របងវត្ត១៣០បន្លោះ រង្វង់មូលនាគបាញ់ទឹក ព្រះស្តូប ចំនួន១១គ្រឿង ប្រាង្គ១ ជួសជុលផ្លូវចគលវត្តប្រវែង២០០០ម៉ែត្រ ចាក់បេតុង និងសួនច្បារ បុស្សបុក និងព្រះអង្គសម្តែងធម្មចក្រចំនួន៦ព្រះអង្គ។
នាឱកាសនោះនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង ផ្តល់ជូនកាដូរកំដរប្រជាពលរដ្ឋចំនួន២០០០នាក់ ទទួលបានសារុង១ តាជី យាយជី ក្រណាតស១ដុំ ៕