(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប នឹងបោះទុនប្រមាណ៨០លានដុល្លារ សាងសង់សណ្ឋាគារអន្តរជាតិ កម្រិតផ្កាយបី ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ដោយសហការជាមួយសណ្ឋាគារម៉ារៀតអន្តរជាតិ។
សណ្ឋាគារម៉ារៀតអន្តរជាតិ ជាក្រុមហ៊ុនសណ្ឋាគារមានដើមកំណើតនៅសហរដ្ឋអាមេរិក និងជាសណ្ឋាគារអន្តរជាតិឈានមុខគេ និងធំជាងគេមួយក្នុងពិភពលោក ដែលមាន៦,០០០ទីតាំង ក្នុង១២២ប្រទេស។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងសណ្ឋាគាររវាងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន និងសណ្ឋាគារម៉ារៀតអន្តរជាតិបានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៧ម្សិលមិញ។
សណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គ្រោងនឹងសាងសង់នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់ហ៊ុព័ទ្ធដោយតំបន់ទេសចរណ៍ មជ្ឍមណ្ឌលពាណិជ្ជកម្ម និងអគាររាជរដ្ឋាភិបាល។ សណ្ឋាគារនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២១។
លោកផូល ហ្វូសឃី នាយកផ្នែកអភិវឌ្ឍ សណ្ឋាគារម៉ារៀតអន្តរជាតិ បានថ្លែងថា «យើងពិតជាសប្បាយរីករាយដែលបានចាប់ដៃគូជំនួញជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន សាងសង់សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ដំបូងគេនៅកម្ពុជា ដែលនេះនឹងជួយពង្រីកវិសាលភាព របស់សណ្ឋាគារ ម៉ារៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានបញ្ជាក់ថា «កម្ពុជាជាពិសេសរាជធានីភ្នំពេញ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះមួយក្នុងតំបន់ ដូច្នេះខ្ញុំពិតជារំភើប ដែលបានសហការជាមួយសណ្ឋាគារម៉ារៀតអន្តរជាតិ ហើយខ្ញុំជឿជាក់ថា កិច្ចសហការនេះនឹងទទួលបានជោគជ័យ»។
សណ្ឋាគារអន្តរជាតិ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាគម្រោងសណ្ឋាគារទី២របស់ជីប ម៉ុង គ្រុបក្នុង ឆ្នាំ២០១៧នេះ។ កាលពីចុងខែមិនា ឆ្នាំ២០១៧ ជីប ម៉ុង គ្រុប បានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់សណ្ឋាគារផ្កាយប្រាំ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានទីតាំងជិតព្រះបរមរាជវាំងផងដែរ៕