(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជំម្រះនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជនជាតិ ROMANIAម្នាក់ និងជនជាតិ NIGERIANម្នាក់ រឿងនាំចូលគ្រឿងញៀនជិត៥គីឡូក្រាម ឆ្លងកាត់ប្រទេសកម្ពុជា សម្រេចដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួនម្នាក់ៗ៤០លានរៀលចូលថវិការដ្ឋ។
ជនត្រូវចោទទាំង២នាក់ខាងលើនេះ ទី១៖ ឈ្មោះ Varadi Adrian Calin ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ROMANIA ទី២៖ ឈ្មោះ Ibe Chukwuemeka ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិNIGERIAN ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ដកហូតគ្រឿងញៀនកាកូអ៊ីន ជិត៥គីឡូក្រាម នឹងទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអបអរសាទរ និងកោតសសើរដល់ សមត្ថកិច្ចបំពេញ ការងារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានសហការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយនេះ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា កម្លាំងសមត្ថកិច្ចបានឃាត់ជនជាតិ ROMANIA ម្នាក់ធ្វើដំណើរតាមជើងយន្តហោះ QR៩៧០ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ម៉ោង១៥៖៥០នាទី រកឃើញកូកាអ៊ីនចំនួន៤៩៦០.៦៩ក្រាម ចូលមកកម្ពុជា។
សម្រាប់ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួន យកទៅសួរនាំនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ហើយក៏បានឈានទៅដល់ការឃាត់ ខ្លួនជនជាតិNIGERIANទៀត៕