(តាកែវ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការផ្នែកសិករងស្រុកគីរីវង់ ខេត្តតាកែវ លោក​វរសេនីយ៍ត្រី សេង វុធ ត្រូវបានក្រុមប្រជាពលរដ្ឋ ដែលដឹកស្រូវយកទៅលក់នៅព្រំដែនវៀតណាម និងដឹកទំនិញពីវៀតណាម យកលក់នៅប្រទេសកម្ពុជា ចោទប្រកាន់ថា បានដាក់កុងត្រូលជជុះ មួយកន្លែង នៅក្នុងភូមិតាអូ ឃុំតាអូ ជាប់ព្រំដែនប្រទេសវៀតណាម ជំរិតទារប្រាក់ពីពួកគាត់ ហើយឥឡូវនេះ ថែមទាំងដាក់ជញ្ជីងថ្លឹង នៅជាប់ព្រំដែនថែមទៀត ប៉ុន្ដែត្រូវបានមេទាហានរូបនេះ អះអាងថា គ្រាន់តែជាទីស្នាក់ការបូមទឹកដាក់ស្រែជូនពលរដ្ឋតែប៉ុណ្ណោះ។

​ប្រជាពលរដ្ឋម្នាក់ ដែលដឹកឥវ៉ាន់ពីព្រំដែនវៀតណាម បានថ្លែង​​ថា ​លោក សេង វុធ មេទាហានស្រុកគីរីវង់ គឺជាមនុស្សមានឥទ្ធិពលខ្លាំងណាស់ ដោយគាត់មានមុខរបរជាច្រើន និងបានដាក់ប៉ារ៉ាស់កាក់ឡានដឹកទំនិញ និងម៉ូតូដឹកទំនិញពីព្រំដែនប្រទេសវៀតណាម យកលុយតាមអំពើចិត្ត ដោយយកលេសថា គាត់បានវិនិយោគធ្វើប្រឡាយទឹក និងបានធ្វើផ្លូវនៅជាប់ព្រំដែននេះ។

ប្រជាពលរដ្ឋខាងលើ​បន្តថា រថយន្តដឹកស្រូវដែលបានដឹកឆ្លងកាត់ផ្លូវទៅព្រំដែននេះ ត្រូវបង់ប្រាក់ឲ្យកុងត្រូលជជុះរបស់លោក សេង វុធ ពី៤ម៉ឺន ទៅ៥ម៉ឺនរៀល ក្នុ​ងមួយរថយន្ត ហើយដោយមើលឃើញថា ប្រជាពលរដ្ឋបានដឹកជញ្ជូនស្រូវតាមរថយន្តក្នុងមួយថ្ងៃ រាប់សិបគ្រឿង ទៅលក់​ឲ្យឈ្មួយញវៀតណាមតាមច្រកតាអូ។ ជាមួយគ្នានេះ លោកក៏បានបង្កើតទីតាំងថ្លឹងរថយន្ត ដោយខុសច្បាប់នៅជាប់ព្រំដែន ​ថែមទាំងដាក់ជញ្ជីងថ្លឹងរថយន្ត សរសេរជាភាសាវៀតណាម​ទៀតផង។

ក្រុមប្រជាពលរដ្ឋបានស្នើសុំឲ្យ​លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ជួយអន្តរាគមន៍ដកកុងត្រូលជជុះ របស់មេទាហានស្រុកគីរីវង់នេះចេញផង ព្រោះបានជំរិតទារប្រាក់ ពីប្រជាពលរដ្ឋរាប់សិបឆ្នាំមកហើយ។ ម្យ៉ាងទៀតថ្មីៗនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក៏បានធ្វើការព្រមានឲ្យអភិបាលខេត្ត ក្រុង ស្រុកទាំងអស់ មើលមូលដ្ឋានរបស់ខ្លួនកុំឲ្យមានកុងត្រូលជជុះ បើខេត្ត ក្រុង ស្រុក ណាមានកុងត្រូលជជុះសម្ដេច​ នឹង​ដកតំណែង​ទៀតផង។

​ពាក់ព័ន្ធ​ការចោទប្រកាន់នេះ លោកវរសេនីយ៍ត្រី សេង វុធ មេទាហានស្រុកគីរីវង់ បានច្រានចោលទាំងស្រុង នៅការចោទប្រកាន់នេះ ដោយលោកបានបញ្ជាក់ថា លោកមិនបានដាក់កុងត្រូលជជុះជំរិតទាប្រាក់ ពីប្រជាពលរដ្ឋដែលដឹកទំនិញឆ្លងកាត់តាមផ្លូវនេះទេ។

លោក​ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនបានដាក់កុងត្រូលត្រូលនោះទេ​ កន្លែងដែលមានប៉ារាស់នោះជាទីស្នាក់ការបូមទឹកដាក់ស្រែ ជូនប្រជាពលរដ្ឋ ព្រោះខ្ញុំបានវិនិយោគ កសាងប្រឡាយបូមទឹកជូនប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំតាអូ តាំងពីឆ្នាំ២០១៧មកម្ល៉េះ ក៏ប៉ុន្តែមានរថយន្តដឹកស្រូវខ្លះ គេបានបង់លុយឲ្យ១រថយន្ត១ម៉ឺនរៀលសម្រាប់យកទៅជួលជុលផ្លូវ»

ទាក់ទងទៅនិងជញ្ជីងថ្លឹងរថយន្ត លោក សេង វុធ បានបញ្ជាក់ថា លោកគ្មានសិទ្ធិដាក់ជញ្ជីងថ្លឹងរថយន្តនោះទេ អ្នកដែលមានសិទ្ធិដាក់ជញ្ជីងថ្លឹងរថយន្ត មានតែក្រសួងសាធារណៈការប៉ុណ្ណោះ ហើយជញ្ជីងដែលលោកដាក់នោះ វាជាជញ្ជីងថ្លឹងស្រូវប្រភេទធំ សម្រាប់ជួយថ្លឹងស្រូវប្រជាពលរដ្ឋ ដែលដឹកយកទៅលក់ឲ្យឈ្មួញវៀតណាមនៅព្រំដែន។

យ៉ាងណាមិញ លោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវ និងជានាំពាក្យសាលាខេត្តតាកែវ បានថ្លែងថា លោកមិនបានដឹងពត៌មាននេះនៅឡើយទេ តែទោះជាយ៉ាងណា លោកនឹងធ្វើការសាកសួរទៅអាជ្ញាធស្រុក ហើយបើពិតជាមានរករណី​នេះមែន នឹង​ចុះទៅបិទមិនឲ្យមានការដាក់កុងត្រូលជជុះ ខុសច្បាប់នេះទេ៕