(ភ្នំពេញ)៖ លោក ឡុង​ វិសាលោ​ រដ្ឋលេខាធិការក្រសួងការបរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាជាមួយលោក Aldo Lale Demoz នាយករងប្រតិបត្តិអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម​ (UNODC)​ ដើម្បីពង្រឹងការងារលើការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន កាន់តែមានប្រសិទ្ធភាព ជាមួយបណ្តាប្រទេសជិតខាង។

មន្រ្តីក្រសួងការបរទេសបានថ្លែងថា នៅក្នុងជំនួបពិភាក្សានេះ គឺផ្តោតសំខាន់ទៅលើ​រួមមាន៖ ទី-ពង្រឹងកិច្ចសហប្រតិបត្តិការ លើការត្រួតពិនិត្យគ្រឿងញៀន ​រវាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន​ និងឧក្រិដ្ឋកម្ម​ (UNODC) ជាមួយបណ្តាប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គមាន៖ កម្ពុជា​ ចិន​ ឡាវ​ ភូមា​ វៀតណាម​ ថៃ ទី២-សុខមាលភាព​ប្រជាពលរដ្ឋ​ និងសុវត្ថិភាពសហគមន៍ ទី៣-ការងារព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកសហគមន៍
 និងទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធយុត្តិធម៌។

នៅក្នុងជំនួបនោះលោក ឡុង​ វិសាលោ​ ក៏បានជំរាបទៅមន្រ្តីជាន់ខ្ពស់ UN ថា សម្រាប់បញ្ហាគ្រឿងញៀននេះ ប្រទេសកម្ពុជាបន្តគាំទ្រ និងសហការយ៉ាងខ្លាំង៕