(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិសុទ្ធ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន៤៥កន្លែង ពង្រីកទំហំពាណិជ្ជកម្មរហូតដល់ទៅ២,៨៣ប៊ីលានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋចំនួន៨៦,០០០កន្លែង ផងដែរ។
លោករដ្ឋលេខាធិការថ្លែងបែបនេះ ក្នុងពិធីសម្ពោធបើកជាផ្លូវការ នូវតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់របស់ក្រុមហ៊ុន ឃែរី វើលប៊្រីជ ឡូជីស្ទិក លីមីធីត នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
លោកថ្លែងយ៉ាងដូច្នេះថា «ចាប់តាំងពីការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ៤៥កន្លែង និងបង្កើតការងារប្រមាណជា ៨៦,០០០កន្លែង»។
លោករដ្ឋលេខាធិការបានបន្តថា តំបន់សេដ្ឋកិច្ចពិសេសទូទាំប្រទេសកម្ពុជា នឹងស្រូបយកកម្លាំងពលកម្មប្រមាណ១០០,០០០កន្លែង។
លោកថា «ទំហំពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេស មានទឹកប្រាក់ប្រមាណ២,៨៣ប៊ីលានដុល្លារ នៅឆ្នាំ២០១៦ កើនឡើង១,២% ធៀបនឹងឆ្នាំ២០១៥ ហើយនឹងបន្តកើនឡើងទៅឆ្នាំខាងមុខទៀត»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ តំបន់ឧស្សាហកម្ម និងធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន និងឡូជីស្ទិកនេះ៕