(ភ្នំពេញ)៖ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌ ព្រមទាំងលោក លោកស្រីជា សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីរាជការថ្នាក់ខណ្ឌ សង្កាត់ ទូទាំងខណ្ឌដូនពេញ បានអញ្ញើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ អគាររដ្ឋបាលថ្មីសាលាខណ្ឌដូនពេញ នៅទីតាំងសាលាខណ្ឌដូនពេញចាស់ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ នៅល្ងាចថ្ងៃទី៨ ខែឧសាភា ឆ្នាំ២០១៧នេះ។

អគារសាលាខណ្ឌដូនពេញ ដែលចាប់ផ្តើមសាងសង់ឡើងវិញនេះ ស្ថិតនៅទីតាំងផ្លូវលេខ៦១ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានកម្ពស់៥ជាន់ ស្មើរនិងដី៦៨៦ការ៉េ។

គួររំលឹកថា បុគ្គលិក និងមន្ត្រីរាជការ នៃសាលាខណ្ឌដូនពេញ បានរើសទីតាំងធ្វើការនៅ​អតីត​សាលា​ន័​រ​តុ​ន ដែល​ស្ថិត​នៅ​កែង​ផ្លូវ​លេខ១១៨ និង​១៩ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ។ ក្រោយ​ពី​មានការ​ឯកភាព ​ពីសា​លា​រាជធានី​ភ្នំពេញ ដែលបានប្រគល់​ដី​នោះ​ទៅឲ្យ​ទៅ​ក្រុម​ហ៊ុ​ន ហ្វុ​ល អ​ហ្វ អា​ស៊ី​ស​អ៊ិនវេស​មិន​ឌឺ​វេឡុ​ប​មិន ដើម្បី​សាងសង់​អគារ​ថ្មី។

សាលា​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ឲ្យ​សាលា​ខណ្ឌដូនពេញ រុះរ៉ើការិយាល័យ​របស់​ខ្លួន ​ទៅ​ធ្វើការ​បណ្តោះ​អាសន្ន​នៅ​ទីតាំង​ផ្សេងនោះ គឺដើម្បី​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន ហ្វុ​ល អ​ហ្វ អា​ស៊ី​ស​អ៊ិន​វេស​មិន​ឌឺ​វេឡុ​ប​មិន ធ្វើការ​សាងសង់​អគារ​ថ្មី​កម្ពស់​៨ជាន់ ជូន​សាលា​ខណ្ឌដូនពេញវិញ ជា​ថ្នូរ​នឹង​ការ​កាត់​យក​ដី​នៅ​ផ្លូវ​កាច់ជ្រុង អស់​ប្រមាណ​ជា​ពីរ​ភាគ​បី​នៃ​ផ្ទៃដី​ទំហំ​ជាង​២.០០០​ម៉ែ​ត្រ​កា​រ៉េ របស់​សាលា​ខណ្ឌដូនពេញទាំងមូល ព្រោះទីតាំង​សាលា​ខណ្ឌដូនពេញ​នា​បច្ចុប្បន្នដែលស្ថិត​នៅ ​កែង​ផ្លូវ​លេខ​៦១ និង​ផ្លូវ​លេខ​៩០ មាន​ទំហំ​ជាង​២.០០០​ម៉ែ​ត្រ​ការ៉េ ជាប់​ជាមួយនឹង​អគារ​គណបក្ស​ប្រជាជន​កម្ពុជាខណ្ឌ ដែល​ទើបតែ​សង់​រួច​នា​ពេល​ថ្មី​ៗ​នេះ​ផងដែរ៕