(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្ គនៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ នៅវិមានសន្តិភាព ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣។ កិច្ចប្រជុំនោះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះថា របៀបវារៈនៅក្នុងកិច្ចប្រជុំនោះ រួមមាន៖
១៖ សេចក្តីព្រាងច្បាប់គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។
២៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់។
៣៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប»៕