(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា ព្រោះតែការរក្សា បាននូវសុខសន្តិភាព បានធ្វើឲ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជនផ្ទុយស្រឡះពីស្ថានភាពក្នុងពេលប្រទេសជួបភ្លើងសង្រ្គាមកាលពីអតីតកាល។
លោក យឹម ណុលឡា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីឆ្លងស្រះទឹកទំហំ ១២៨មx៤៥ម ជំរៅ ៨ម នៅវត្តអង្គអណ្តែត និងពិធីសំណេះសំណាលជាមួយប្រធានអនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ បេក្ខជនក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធ ត្រៀម និងបំរុង ប្រជាការពារភូមិ លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្ស ជាង៦០០នាក់ នៃឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ជីវ សុងហាក់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងយ៉ាប និងលោកជំទាវ និងក្រុមការងារថ្នាក់ឃុំស្រុកផងដែរ។
លោក យឹម ណុលឡា បន្ថែមថា៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលម្អិតជុំវិញការកំណត់អត្រាការប្រាក់ឥណទាន(កម្ចី) ក្នុងកម្រិតមិនឲ្យលើសពី១៨%ក្នុង១ឆ្នាំ ឬ១.៥%ក្នុង១ខែ ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជាកំហិត។ ការកំណត់អត្រាការប្រាក់នេះ គឺមានគោលដៅការពារអតិថិជនពីការគិតការប្រាក់ខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជម្រុញការប្រើប្រាស់ឥណទានឲ្យមានប្រសិទ្ធភាព។ ការទម្លាក់អត្រាការប្រាក់មកត្រឹម១៨%នេះជាការរួមចំណែកដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលត្រូវការឥណទានដើម្បីដោះស្រាយជីវភាព។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ដែលកំណើនសេដ្ឋកិច្ចមានថេរជាមធ្យមប្រចាំឆ្នាំ៧% ហើយផលិតផលសរុបក្នុងស្រុកជាមធ្យមសម្រាប់មនុស្សម្នាក់ៗកើនពី៥៥៨ដុល្លារអាមេរិកក្នុងឆ្នាំ២០០៦ ដល់១៣០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦»។
«នេះក៏អាស្រ័យដោយកម្ពុជាមានសុខសន្តិភាពពេញលេញ និងដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យ និងមានគោលនយោបាយជាអាទិភាព ៤ត្រឹមត្រូវគឺ ទឹក, ផ្លូវ, ភ្លើង និងធនធានមនុស្ស។ ដោយសារកម្ពុជាមានកំណើនសេដ្ឋកិច្ចដូច្នេះទើបហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានស្ថាបនាតាំងពីជនបទដាច់ស្រយោលរហូតដល់ពីប្រជុំជនភូមិឃុំស្រុកខេត្តរាជធានី។ ព្រមជាមួយនោះបៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធបានកើនឡើង។ រីឯតម្លៃអគ្គីសនី និងទឹកក៏ត្រូវបានចុះថ្លៃដែរ»។ លោកទេសរដ្ឋមន្រ្តីបញ្ជាក់បន្ថែម។
ដើម្បីឈ្នះឆ្នោតក្រមប្រឹក្សាឃុំនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានក្រើនរំលឹកដល់ប្រធានក្រុមបក្ស អនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ត្រូវបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើមហើយធ្វើតែអំពើល្អជាកិច្ច។
លោកបន្តថាសមាជិកបក្សម្នាក់ៗជាសន្លឹកឆ្នោតពិតប្រាកដរបស់បក្ស។ ព្រមជាមួយនោះត្រូវខិតខំចលនាឲ្យគ្រួសារមានប្រពន្ធឬប្តី ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេកកូនចៅ និងបងប្អូនឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជន។ សូមបញ្ជាក់ថាស្រះទឹកទំហំ ១២៨មx៤៥ម ជំរៅ៨ម ដែលធ្វើពិធីឆ្លងនេះជាអំណោយរបស់លោក ជីវ សុងហាក់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងយ៉ាប ដោយមានការចូលរួមវិភាគទានពីសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងយ៉ាប ព្រះចៅអធិការគណៈកម្មាការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអង្គអណ្តែត។
ក្នុងឆ្នាំ២០១៦-២០១៧នេះ លោក ជីវ សុងហាក់ បានជួយជួសជុលផ្លូវភូមិក្រាំងអំពិល ភូមិក្រាំងចំរើន ភូមិជំរៅ និងភូមិកែវចំរើន ប្រវែង៣,៥០០ម ជួសជួលផ្លូវពីភូមិស្នួលខ្ពស់ទៅភូមិច្រនៀងខ្ពស់ប្រវែង ២,០០០ម និងជួសជុលផ្លូវពីភូមិច្រនៀងខ្ពស់ទៅភូមិរលួសប្រវែង២,០០០ម ក្នុងឃុំតាំងយ៉ាបស្រុកព្រៃកប្បាស ខេត្តតាកែវ៕