(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៥៤ឆ្នាំនៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុប ១៣,៤១០,២៨០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា។
មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះឡើយ ការប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧នេះ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេសង្កេតឃើញថា សម្បុរសជនយ៉ាងច្រើនកុះករបានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយទ្រងទ្រង់សកម្មភាពមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជាតែងតែបានធ្វើយ៉ាងសស្រាក់សស្រាំជារៀងរាល់ឆ្នាំនោះ។
សម្បុរសជនដែលបានបរិច្ចាគថវិកា គឺមានចាប់តាំងពីព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុននានា រួមទាំងសិល្បៈ សិល្បការិនី និងប្រជាពលរដ្ឋធម្មតាផងដែរ។ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ ព្រះមុនិនាថ នរោត្តម សីហនុ បានព្រះរាជទានថវិកាសរុប ២ម៉ឺនដុល្លារ។
ដោយឡែកអ្នកដែលបានបរិច្ចាគថវិកាច្រើនជាងគេសម្រាប់សកម្មភាពមនុស្សនៅក្នុងឆ្នាំ២០១៧នេះ គឺបានទៅលើអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី ដែលមានទឹកប្រាក់ប្រមាណ ១លាន ២៨ម៉ឺនដុល្លារអាមេរិក ខណៈក្រុមហ៊ុនណាហ្គាវើលឈរនៅលេខរៀងបន្ទាប់ ដោយបរិច្ចាគថវិកា ១លានដុល្លារ។ ក្រៅពីនោះមានអ្នកឧកញ៉ា ឧកញ៉ា ដែលជាម្ចាស់ក្រុមហ៊ុនធំៗនៅកម្ពុជា មានអ្នកខ្លះបរិច្ចាគ ៥០ម៉ឺនដុល្លារ ហើយខ្លះទៀតបរិច្ចាគ ១០ម៉ឺនដុល្លារ។ ជនបរទេសមួយចំនួន ដែលជាអ្នកវិនិយោគ និងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក៏បាន ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងរំលឹកថា តាមរយៈថវិកាសប្បុរសជននេះ កាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្តាល និងនៅតាមសាខាទាំង ២៥រាជធានី-ខេត្ត បានធ្វើសកម្មនុស្សធម៌ជួយដោះស្រាយរាល់ទុក្ខលំបាក ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ ដោយសារគ្រោះធម្មជាតិនៅគ្រប់ទីកន្លែង និងដោយគ្មានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ និង សាសនានោះឡើយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងទៀតថា កាកបាទក្រហមកម្ពុជា ក៏បានធ្វើសកម្មភាពជួយឧបត្ថម្ភជាប្រចាំចំពោះចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ គ្រួសារយោធិនពលី មរណៈ កុមារកំព្រា ជនពិការ កុមារគ-ថ្លង់ កុមារខ្សោយសតិបញ្ញា អ្នកញៀនថ្នាំ អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរ អ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ និងអ្នកមានជំងឺផ្សេងៗទៀត។
កាកបាទក្រហមកម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈយន្តការ អនុវត្តន័វគម្រោង និងកម្មវិធីជាច្រើនទៀត ដោយជំរុញការអភិវឌ្ឍតាមរយៈការពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនទៅដល់សហគមន៍ នៅតាមបណ្តាខេត្ត ជាពិសេសតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងរួមចំណែកពន្លឿនការអភិវឌ្ឍលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ។ កាកបាទក្រហមកម្ពុជា ក៏បានដោះស្រាយជាប្រចាំទៅនឹងសំណើរបស់អង្គការ ឬ សមាគមជនពិការ និងកុមារកំពារជាច្រើនទៀត។
លើសពីនេះ កាកបាទក្រហមកម្ពុជា បានចូលរួមវិភាគទានឧត្ថម្ភថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២មក។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សម្បុរសជននានា ដែលបាចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបម្រើដល់សកម្មភាពមនុស្សនេះ។ សម្តេចចាត់ទុកការបរិច្ចាគថវិកាសម្រាប់សកម្មភាពមនុស្សធម៌គឺជាកាយវិការមួយដ៏ល្អប្រសើរ និងបានប្រើប្រាស់ថវិកាចំគោលដៅថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ពិតណាស់នៅក្នុងប្រទេសរបស់យើង ខ្ញុំពិតជាអរគុណជាមួយសប្បុរសជន ដែលតែងបានចូលរួមចំណែកជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីជួយឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពប្រើប្រាស់ថវិកាទាំងនោះ ជួយទៅដល់ប្រជាជនក្រីក្រ។ ថវិកា ដែលប្រមូលបានមកនេះ គឺពិតជាបានប្រើប្រាស់ចំគោលដៅ ហើយជួយពិតប្រាកដទៅដល់ជនក្រីក្រ»។
យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០១៦កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយ មនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយទាំងនៅទីក្រុង និងជនបទដាច់ស្រយាលជាង ១២ម៉ឺនគ្រួសារ, ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ កន្ត្រាក់នៅទូទាំងប្រទេសជាង ១ម៉ឺនគ្រួសារ និងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅទូទាំងប្រទេស ៦៦២គ្រួសារ...។
របាយការណ៍បន្តថា កាកបាទក្រហម បានចែកចាយទឹកស្អាតសម្រាប់បិរភោគ និងទឹកសម្រាប់ប្រើប្រាស់ដល់ប្រជាបលរដ្ឋចំនួន ២ម៉ឺន ២ពាន់គ្រួសារ នៅតាមសហគមន៍ ដែលរងគ្រោះដោយរលកកម្តៅឡើងខ្ពស់នាដើមឆ្នាំ២០១៦។ ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជា ក៏បាន ផ្តល់អណ្តូងទឹកចំនួន ១៦៨ ស្រះទឹកចំនួន ១៨ និងស៊ីទែនទឹកចំនួន៧ ជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអំពាវនាវដល់សម្បុរសជនទាំងអស់ បន្តចូលរួមចំណែក ជួយឧបត្ថម្ភ និងគាំទ្រជាកម្លាំងកាយ កម្លាំងចិត្ត ផ្នែកបច្ចេកទេស សម្ភារៈ និងថវិកា ដើម្បីឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពពង្រីក ប្រតិបត្តិការ និងលើកកម្ពស់ប្រសិទ្ធភាពការងារ៕