(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង បានចូលប្រកាសបញ្ចូលសមាជិកចំនួន៥២៥នាក់ មកពី៤ស្រុក មានស្រុកពាមជរ ស្រុកពាមរក៍ ស្រុកមេសាង និងស្រុកព្រះស្តេច នៅមន្ទីរបក្សខេត្តព្រៃវែង ក្រោយពួកគេមានការជឿជាក់ចំពោះការដឹកនាំ និងគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា។
លោក សែម គន្ធា ជំនួយការផ្ទាល់របស់លោក ស សុខា បានឲ្យដឹងថា ពិធីប្រកាសទទួលសមាជិកថ្មីនេះ ប្រព្រឹត្តិទៅនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧។
នាឱកាសនោះ លោក ស សុខា បានដាស់តឿនដល់ប្រជាពលរដ្ឋ ក៏ដូចជាសកម្មជនបក្សថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ»។
លោក សែម គន្ធា បានបញ្ជាក់ថា សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាបានទទួលបានវគ្គបណ្ដុះបណ្ដាល ដែលជាមូលដ្ឋានយ៉ាងរឹងមាំ ពីថ្នាក់ដឹកនាំគណបក្ស ក្នុងការស្វែងយល់ពីឫសគល់បក្ស ជឿជាក់ គាំទ្របក្សចេញពីបេះដូងពិតៗ ហើយជាលទ្ធផលថ្នាក់ដឹកនាំបក្ស បានបញ្ជ្រាបដល់យុវជនទូទាំងខេត្តបាន ១,៥០៨នាក់ ក្នុងនោះបានទទួលពាក្យសុំចូលសមាជិកបក្សចំនួន ១,៨៤៤នាក់ (ដោយការជឿជាក់សិក្ខាកាមបានផ្សព្វផ្សាយ និងអូសទាញមិត្តភក្តិ បងប្អូនឲ្យចូលជាសមាជិក) និងបានបញ្ចូលជាសមាជិកបក្សចំនួន ១,០៦១នាក់ រួចហើយក្នុងខេត្តព្រៃវែងនេះ៕