(ភ្នំពេញ)៖ អំឡុងកិច្ចប្រជុំទ្វេភាគីជាមួយលោក ថូម៉ាស អេ ហ្សានណុន ជីអ័រ អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនយោបាយ នៃក្រសួងការបរទេសអាមេរិក លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានស្នើភាគីអាមេរិក ពិចារណាក្នុងការផ្តល់ប្រព័ន្ធ អនុគ្រោះពន្ធ ទូទៅបន្ថែម ព្រមទាំងបានសំណូមពរឲ្យបង្កើនការវិនិយោគនៅកម្ពុជាផងដែរ។
ភាគីទាំងពីរបានពិភាក្សាពីកិច្ចប្រឹងប្រែង ដើម្បីបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យដល់កម្រិតខ្ពស់ជាងមុន ហើយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានស្នើភាគីអាមេរិកពិចារណា ក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅបន្ថែមទៀត (Generalized System of Preference-GSP) និងកូតានាំចូល ដើម្បីជំរុញពាណិជ្ជកម្ម និងពង្រឹងឱកាសការងាររវាងកម្ពុជា។
ក្នុងអំឡុងកិច្ចពិភាក្សាខាងលើ លោកទេសរដ្ឋមន្រ្តី បានស្នើដល់អាមេរិកធ្វើការវិនិយោគនៅកម្ពុជាថែមទៀត និងជំរុញការនាំចូលទំនិញទៅវិញទៅមក។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងកម្ពុជា និងអាមេរិកត្រូវបានពង្រឹងថែមទៀត តាមរយៈកិច្ចសន្ទនាចំហរ និងស្មោះត្រង់ ដើម្បីជៀសវាងការយល់ខុស។
សូមជម្រាបថា ការជួបប្រជុំទ្វេភាគីនេះ ជាកិច្ចប្រជុំក្រៅមួយ នៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក៕