(ព្រះវិហារ)៖ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ​ បានចុះល្បាតតាមភូមិសាស្ត្រក្នុងព្រៃ​ តាមបណ្តោយខ្នងភ្នំដងរែក ត្រង់ចំណុចភូមិអានសេះ​ ឃុំឈើទាលគង​ ស្រុកជាំក្សាន្ត​ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង​ ក្នុងទឹកដីថៃ​ ដែលកន្លងមកបានបង្កគ្រោះថ្នាក់ ដោយសារជាន់មីនបណ្តាលឲ្យស្លាប់ និងរបួសជាហូរហែរ។​                                         

អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង បានថ្លែងថា ប្រតិបត្តិការនេះបានធ្វើឡើង តាមបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត​ ដែលបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទ​ រួមគ្នាទប់ស្កាត់ការឆ្លងដែនខុសច្បាប់ របស់ប្រជាពលរដ្ឋខ្មែរ ចូលក្នុងទេកដីថៃ រកការងារធ្វើ​ ពិសេសប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលកាប់ឈើគ្រញូង​ ដែលកន្លងមកតែងប្រឈមគ្រោះថ្នាក់ផ្សេងៗ ក្នុងនោះមានទាំងការជាន់មីន បណ្តាលឲ្យស្លាប់ និងរបួសផងដែរ។

លោកថា នៅថ្ងៃនេះលោកបានដឹកនាំកងកម្លាំងសមត្ថកិច្ចទាំង៣របស់ស្រុក ប្រមាណ២៥នាក់ ចុះល្បាតនៅចំណុចពងចាប​ និងចំណុចក្របីងាប់ ក្នុងភូមិអានសេះ​ ឃុំឈើទាលគង​ ស្រុកជាំក្សាន្ត​ ហើយក៏បានប្រទះឃើញប្រជាពលរដ្ឋខ្មែរ ស្ពាយឈើគ្រញូង និងបានឃាត់ខ្លួន ជាបន្តបន្ទាប់បាន៣នាក់ រីឯមួយចំនួនទៀតបានរត់គេចខ្លួន។

លោកអភិបាលស្រុក បានបន្តថា កន្លងមកអាជ្ញាធរបានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ស្តីពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងដោយការឆ្លងដែនខុសច្បាប់​  ពិសេសគ្រោះថ្នាក់ដោយសារឆ្លងដែន ចូលកាប់ឈើគ្រញូង​ តែប្រជាពលរដ្ឋហាក់មិនភយ័ខ្លាចនោះទេ​ ដែលករណីនេះ អាចបណ្តាលមកពីមានការ បញ្ចុះបញ្ចូលពីមេខ្យល់​។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏សំណូមពរឲ្យសមត្ថកិច្ចប្រចាំការ នៅតាមចំណុចព្រំដែនផ្សេងៗ ត្រូវចូលរួមសហការ ទប់ស្កាត់ករណីនេះ ទើបយើងធ្វើបានជោគជ័យ។  ក្រោយការឃាត់ខ្លួនជនទាំង៣នាក់រួមនិងឈើគ្រញូងបានប្រគល់ជូនអធិការនគរបាលស្រុកជាំក្សាន្ត ចាត់ការបន្ត។

លោកវរសេនីយ៍ រួន យ៉េត អធិកសរនគរបាលស្រុកជាំក្សាន្ត បានថ្លែងនៅល្ងាចថ្ងៃនេះថា ជនទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រស់នៅភូមិរលំថ្ម​ ឃុំរំដោះស្រែ​ ស្រុកជាំក្សាន្ត ​ដកហូតឈើគ្រញូងបាន៤១ដុំ ស្មើនិង៣២១គីឡូក្រាម។ លោកបន្តថា ជនទាំង៣នាក់ល រួមនិងវត្ថុតាងត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រឈើចាត់ការបន្ត៕