(ភ្នំពេញ)៖ ក្នុងជំនួបជាមួយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោកស្រី ស៊ិន យៀកយៀក អនុប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងជាប្រធានសហព័ន្ធនារីទូទាំងប្រទេសចិន បានបញ្ជាក់ថា ទាំងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងស្ថាប័ននីតិបញ្ញត្តិចិន សុទ្ធតែបានរួមចំណែកសំខាន់ ក្នុងការជំរុញឲ្យភាពជាដៃគូរគ្រប់ជ្រុងជ្រោយ របស់រដ្ឋាភិបាលកម្ពុជា-ចិន ឲ្យទទួលបានជោគជ័យពីពេលនេះទៅអនាគត។

ក្រោយបញ្ចប់ជំនួបរវាងថ្នាក់ដឹកនាំខាងលើ លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា លោកស្រី ស៊ិន យៀកយៀក បានថ្លែងថា ស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ មានសារៈសំខាន់ណាស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ឲ្យទទួលបានភាពជោគជ័យ​ ពីពេលនេះទៅអនាគត។

សម្ដេច ហេង សំរិន បានសំណូមពរដល់លោកស្រីអនុប្រធានសភា គប្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅខ្លាំងទៀត សំដៅផ្ដល់ផលប្រយោជន៍ជាក់ស្ដែង ដល់ប្រជាជនទាំងពីរឲ្យកាន់តែបានច្រើន។

លោកស្រី ស៊ិន បានបញ្ជាក់ថា កម្ពុជាជាមិត្តគួរឲ្យទុកចិត្តបំផុតខាងផ្នែកនយោបាយ និងជាដៃគូរដ៏ល្អរបស់រដ្ឋាភិបាលចិន ដែលបានជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបានជំរុញឲ្យមានការពង្រឹងបន្ថែមទៀត នូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងក្រៅតំបន់។

លោក កែវ ពិសិដ្ឋ បានបន្តថា ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត បន្តជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីប្រគៀកស្មាគ្នានាំភាពរីកចម្រើនជូនប្រជាជន៕