(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចំណាយថវិកាប្រមាណជិត ៧៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ជាទិញខ្មៅជ្រលក់ដៃ គុណភាពខ្ពស់ពីប្រទេសឥណ្ឌា សម្រាប់ការបោះឆ្នោត នៅពេលខាងមុខនេះ។ នេះបើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។
នេះបើតាមការបញ្ជាក់ពី លោក ហង្ស ពុទ្ធា ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង គ.ជ.ប ជាមួយឯអគ្គរាជទូតរបស់ជប៉ុន, ឯអគ្គរាជទូតរបស់សហភាពអឺរ៉ុប និងស្ថានទូតអាមេរិក។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ទឹកខ្មៅដែលសម្រាប់ជ្រលក់ដៃពលរដ្ឋនៅពេលបោះឆ្នោតនោះ គ.ជ.ប បានបញ្ជាទិញពីប្រទេសឥណ្ឌារួចហើយ ប៉ុន្ដែភាគីឥណ្ឌាមិនទាន់បានបញ្ជូនមកទេ ព្រោះថាត្រូវរង់ចាំឲ្យទឹកខ្មៅនេះងំល្អ ទៅតាមស្ដង់ដារបច្ចេកទេស។ ចំពោះតម្លៃវិញ អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះថា «ទៅលើកទឹកខ្មៅនេះ គ.ជ.ប ចំណាយប្រមាណជា៧៥ម៉ឺនដុល្លារ»។
ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា ប្រសិនបើទឹកខ្មៅនេះ មិនមានប្រសិទ្ធភាពល្អ (លុបជ្រះ) គ.ជ.ប នឹងមានវិធានការផ្សេងទៀត ដើម្បីធានាថា ពលរដ្ឋម្នាក់បោះឆ្នោតបានតែម្ដងគត់៕