(ស្ទឹងត្រែង)៖ កម្លាំងកាំកុងត្រូលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោក គឹម ប្រុស ជាប្រធាន បានចុះពិនិត្យទំនិញលក់ដូរតាមផ្សារនានាជាញឹកញាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព ទំនិញហួសពេលកំណត់ ដែលអាជីវករដាក់លក់ជូនប្រជាពលរដ្ឋ ធ្វើឱ្យខូចសុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។
ជាក់ស្ដែង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងកាំកុងត្រូលខេត្តបានចុះត្រួតពិនិត្យគ្រប់ទំនិញ ជាពិសេសគ្រឿងឧបភោគ-បរិភោគ ដែលតាំងលក់ក្នុងទីផ្សារខេត្តស្ទឹងត្រែង ហើយបានពិនិត្យឃើញថា មានមឹកផ្អែមតែ១គីឡូក្រាមប៉ុណ្ណោះ ដែលខូចគុណភាព ក្រៅពីនោះ សុទ្ធតែត្រឹមត្រូវតាមស្ដង់ដារ។
លោកប្រធាន គឹម ប្រុស បានថ្លែងថា លោកមានការរីករាយណាស់ ដែលអាជីវករផ្សារស្ទឹងត្រែង មិនបាននាំចូលនូវទំនិញខូចគុណភាព ឬហួសពេលកំណត់ មកលក់លើទីផ្សារ។ មួយទៀតសោត អាជីករនីមួយៗ ចេះពីរបៀបទុកដាក់ទំនិញតាំងលក់ទំនិញរៀបរយបានល្អ។
លោក គឹម ប្រុស បានបន្តថា ទោះជាអាជីវកបានរក្សាទុកដាក់ និងមិនបាននាំចូលទំនិញអត់គុណភាពលក់លើទីផ្សារស្ទឹងត្រែង ក៏មន្រ្តីជំនាញនៅតែបន្តចុះត្រួតពិនិត្យ និងណែនាំអាជីវករទាំងអស់ឲ្យអនុវត្តការលក់ទំនិញ ធ្វើយ៉ាងណាកុំយកអាហារ ឬគ្រឿងឧបភោគ-បរិភោគ ដែលប៉ះពាល់សុខភាពមកលក់លើទីផ្សារ ដើម្បីជៀសវាងការប៉ះសុខភាពសម្រាប់អ្នកបរិភោគ ឬអ្នកប្រើប្រាស់គ្រឿងសំអាង៕