(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប ការ៉ាត់ បានបើកប្រតិបត្តិការចាប់រថយន្តទំនើបៗអត់ពន្ធ៨គ្រឿង នៅភូមិសាស្រ្តតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ នេះបើយោងតាមលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
លោក ព្រាប ការ៉ាត់ បានបញ្ជាក់ថា ការចុះចាប់រថយន្តស៊េរីទំនើបនេះ ធ្វើតាមការចង្អុលបង្ហាញពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។ មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗ ដែលចាប់បានរួមមាន ម៉ាក, Land Cruiser, Lexus, Camry....។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម។
កម្លាំងគយចល័ត បានចុះប្រតិបត្តិ ចាប់ថយន្តស៊េរីទំនើបៗ ដែលអត់ពន្ធជាច្រើនគ្រឿងរួចមកហើយ កាលពីពេលកន្លងមក ហើយប្រត្តិបត្តិការនេះ ក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ៕