(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្តល់អំណោយលើកទឹកចិត្តដល់ សិស្សពូកែទូទាំងប្រទេសចំនួន០៣នាក់ រួមមានទី១៖ ឈ្មោះ ស៊ុន ស៊ីវហ៊ុយ ភេទស្រី មកពីវិទ្យាល័យព្រះម្លូរ ឃុំមេទឹក ស្រុកបាកាន (លេខ១ មេដាយមាស ផ្នែកអក្សរសីល្ប៍ខ្មែរ) ទី២៖ ឈ្មោះ ឡិច ម៊ុយទៀង ភេទស្រី មកពីវិទ្យាល័យពោធិ៍សាត់ (លេខ៦ ផ្នែកអក្សរសីល្ប៍ខ្មែរ) និងទី៣៖ ឈ្មោះ ឆាយ ប៊ុនស៊ី ភេទប្រុស មកពីវិទ្យាល័យពោធិ៍សាត់ (លេខ៧ ផ្នែករូបវិទ្យា) នាថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០១៧នេះ។
សុមជម្រាបថា ពិធីនេះត្រូវបានធ្វើឡើង២ ទីតាំងផ្សេងគ្នា ទីតាំងទី៖១ នៅទីស្នាក់ការគណបក្សស្រុកបាកាន កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ និងទីតាំងទី៖ ២នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ស៊ុយ សែម និងលោក ម៉ៅ ធនិន បានសម្តែងទឹកចិត្តរំភើបរីករាយ ដែលបានឃើញកូនចៅប្រជាពលរដ្ឋ ជាអ្នកខេត្តពោធិ៍សាត់ បានប្រឡងជាប់សិស្សពូកែទូទាំងប្រទេសបែបនេះ នេះគឺជាកិត្តិយសមួយក្នុងការលើកមុខមាត់ ឪពុក-ម្ដាយ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សាកូន ប្រកបដោយគន្លងធម៌ និងជាមោទនភាព សម្រាប់ខេត្តពោធិ៍សាត់ផងដែរ។
ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងថា រៀនពូកែឬមិនពូកែ មិនមែនអាស្រ័យលើ ឪពុក-ម្ដាយមាន ឬក្រនោះទេ សំខាន់គឺយើងម្នាក់ៗ តាំងចិត្តជាអ្នករៀន បើឪពុក-ម្ដាយមានជីវភាពក្រីក្រហើយ ដាច់ខាតយើងត្រូវមានការឈឺចាប់ និងប្រឹងប្រែងតស៊ូ អំណត់ ព្យាយាម ដើម្បីទទួលជោគជ័យនៅពេលក្រោយ ព្រោះជីវិតជាការតស៊ូ។ ថ្នាក់ដឹកនាំទាំងពីរ បានផ្ដាំផ្ញើឲ្យប្អូនៗសិស្សានុ-សិស្ស ត្រូវខិតខំរៀនសូត្របន្តទៀត ហើយអ្នកមិនបានលេខ១ មិនបាច់ខ្វល់នោះទេ សំខាន់ឲ្យតែយើងចេះ គឺល្អដូចគ្នា តម្រូវឲ្យក្មួយៗប្រឹងប្រែងរៀនសូត្រ ដើម្បីខ្លួនឯងផង ដើម្បីក្រុមគ្រួសារផង និងដើម្បីប្រទេសជាតិទៅថ្ងៃអនាគតផង។
នៅក្នុងឱកាសនោះ លោក ស៊ុយ សែម បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ទទួលបានម៉ូតូ១គ្រឿង កំព្យូទ័រ១គ្រឿង និងថវិកា៦០ម៉ឺនរៀល, សិស្សទទួលបានជ័យលាភីលេខ៦ ផ្នែកអក្សរសីល្ប៍ខ្មែរ និងសិស្សទទួលបានជ័យលាភីលេខ៧ ផ្នែករូបវិទ្យា ទទួលបានកំព្យូទ័រ១គ្រឿង និងថវិកា៥០ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូចំនួន១៨នាក់ ម្នាក់ៗថវិកា៣ម៉ឺនរៀល និងសិស្សានុសិស្សចូលរួមចំនួន១២៧នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល ចំពោះម៉ូតូជាអំណោយរបស់លោកឧកញ៉ា វិញ ហួរ និងលោកស្រី រីឯកុំព្យូទ័រ និងថវិកាជារបស់លោកផ្ទាល់។
ដោយឡែកលោក ម៉ៅ ធនិន បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ទទួលបានថវិកា៤០ម៉ឺនរៀល, សិស្សទទួលបានជ័យលាភីលេខ៦ ផ្នែកអក្សរសីល្ប៍ខ្មែរ និងសិស្សទទួលបានជ័យលាភីលេខ៧ ផ្នែករូបវិទ្យា ទទួលបានថវិកា២០ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ៧នាក់ ម្នាក់ៗទទួលបានសារុង១ និងថវិកា១០ម៉ឺនរៀល និងឧបត្ថម្ភ៤០ម៉ឺនរៀលបន្ថែមទៀត សម្រាប់ពិសាអាហារសាមគ្គីជុំគ្នាផងដែរ៕