(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧​នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក ទទួលជួបគណៈប្រតិភូជាន់ខ្ពស់សារព័ត៌មានរដ្ឋវៀតណាម ចំនួន០៦រូប ដែលបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ នៅប្រទេសកម្ពុជា។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូវៀតណាមដែលដឹកនាំដោយ Mr. Nguyen Van Hieu ជាអគ្គនាយករងអាជ្ញាធរសារព័ត៌មានរដ្ឋវៀតណាម និងប្រតិភូអមដំណើរដែលរួមមាន៖ ចាងហ្វាងកាសែតកងទ័ពវៀតណាម, អនុប្រធានវិទ្យុ និងទូរទស្សន៍ Quang Binh របស់វៀតណាម, អនុប្រធានបណ្ដុះបណ្ដាល និងទំនាក់ទំនងអន្តរជាតិកាសែតវៀតណាម ជាដើម។

ក្នុងឱកាសជួបពិភាក្សាការងារ ដែលធ្វើឡើងនៅទីស្នាក់ការកណ្ដាល សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ភាគីទាំងពីរបានឯកភាពជាគោលការណ៍លើ៖

ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ព្រមទាំងផ្លាស់ប្ដូរទស្សនកិច្ច និងកម្មសិក្សាទៅវិញទៅមក។

សូមជំរាបថា គណៈប្រតិភូជាន់ខ្ពស់សារព័ត៌មានរដ្ឋវៀតណាមបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី០៧-១២ ខែឧសភា ឆ្នាំ២០១៧ ហើយបានចូលជួប លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទស្សនកិច្ចស្ថាប័នសារព័ត៌មានជាតិកម្ពុជា ទស្សនាមជ្ឈមណ្ឌលប្រវត្តិសាស្រ្តក្នុងទីក្រុងភ្នំពេញ និងទៅទស្សនាប្រាង្គប្រាសាទអង្គវត្តផងដែរ៕