(តាកែវ)៖ ប្រជាពលរដ្ឋជាង៤ពាន់នាក់ ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ  បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ បន្ទាប់ពីនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៧៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមអធិបតីភាព លោក សុខ សប្បាយណា តំណាងលោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកទ្រាំង ខេត្តតាកែវ ដោយឥតគិតថ្លៃ​ចំនួន៤៣២០នាក់ ក្នុងនោះស្រ្តីមានចំនួនប្រមាណ៣៧១នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ ដោ​យក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺកុមារចំនួន១៧២នាក់, ជំងឺស្រ្ដីចំនួន៣៧១នាក់, ជំងឺ​ផ្លូវ​ចិត្តចំនួ​ន១២៥នាក់, ជំងឺឬសដូងបាតចំនួន២១៨, ជំងឺផ្លូវដង្ហើមចំនួន១៣៦នាក់, ជំងឺទឹកនោមផ្អែមចំនួន៩៧នាក់, ជំងឺភ្នែកចំនួន​៧៩នាក់, ជំងឺផ្លូវដង្ហើមចំនួន៨៩នាក់, ជំងឺត្រចៀក ច្រមុះ បំពង់កចំនួន៩២នាក់, ជំងឺសន្លាក់ឆ្អងចំនួន៧៣នាក់, ជំងឺរាគចំនួន​៥២​នាក់, ជំងឺសើរស្បែកចំនួន៦១នាក់, ជំងឺមាត់ធ្មេញចំនួន២១៧នាក់, ពិនិត្យអេកូសាស្រ្ដចំនួន២០៧នាក់, និងជំងឺទូទៅចំនួន​២៣៣១នាក់។

ប្រជាពលរដ្ឋដែលរស់នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង  លោក ឯក សំអុល បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និង​​អ្នកភូមិជាច្រើន បានឮដំណឹងថា មានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យ ព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ហើយ​​​ខ្ញុំមានសេចក្ដីត្រេកអរចំពោះឯកឧត្តម ដែលបានចុះជួយប្រជាពលរដ្ឋទាំងភូមិ ទាំងឃុំ ខ្ញុំនិងអ្នកភូមិសូមជូនពរសូមឲ្យឯកឧត្តម និងគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីចំរើនតរៀងទៅ»

លោកបានថ្លែងបន្ដទៀតថា ការចុះមកពិនិត្យព្យាបាលនេះ មិនអស់ថវិការនោះឡើយ ដែលជាសកម្មភាពមនុស្សធម៌ ដ៏ល្អខ្លាំ​ងណាស់ សម្រាប់ប្រជាពលរដ្ឋ និងផ្ដល់ផលប្រយោជន៍ច្រើនណាស់ រួមមានការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយ
កម្រិត។

ប្រជាពលរដ្ឋម្នាក់ទៀត លោកស្រី លីតា ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការចុះមកជួយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះ បានធ្វើឲ្យប្រជាពល​រដ្ឋមានអារម្មណ៍រីករាយ និងត្រេតអរជាពនពេក ព្រោះថាប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកា ហើយសូមស្នើសូមឲ្យ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកជួយប្រជាពលរដ្ឋឲ្យបានជាញឹកញាប់។ ប្រជាពលរដ្ឋក្នុងភូមិឃុំទាំងអស់សូម​ធ្វើការថ្លែងអំណរគុណ និងជូនពរឲ្យសម្ដេចតេជោ ហ៊ុន សែន, លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ជួបប្រទះ​តែសេចក្ដីសុខ គ្រប់ពេលវេលា។

សូមបញ្ជាក់ថារយៈពេល៥៣ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៦៧៨នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧២លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន៩៦៣៩៦នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០១៧។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕