(កំពង់ធំ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្ស ប្រជាជនកម្ពុជា បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ សកម្មជន សមាជិក-សមាជិការ នៃគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជន កម្ពុជាខេត្តកំពង់ធំទាំងអស់ ត្រូវចូលរួមកៀរគរទាក់ទាញសមាជិកបន្ថែម ដើម្បីបង្កើនសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួល បានជ័យជម្នះ នៅអំឡុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ខាងមុខ។

ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណៈចលនាសាសនិកឥស្លាមរបស់គណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះលោកថ្លែង យ៉ាងដូច្នេះថា «សូមសមាសភាពជាថ្នាក់ដឹកនាំ សមាជិក-សមាជិកា សកម្មជនយើង ពង្រឹងការកៀរគរកម្លាំងចលនាមហាជននៅតាម មូលដ្ឋានរបស់ខ្លួន ឲ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តផ្តល់ជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាព្រោះការ បោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ នឹងមកដល់ឆាប់ៗនេះ»

លោកបន្តថា មានតែការសម្រេចចិត្តបោះឆ្នោតដ៏ត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលជាសក្ខីភាពនៃការតបស្នងសង គុណនូវគុណូបការៈ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលគណបក្សប្រជាជន ជាអ្នកដែលបានលះបង់យ៉ាងលំបាក រហូតបន្តនូវសន្តិភាព និងភាពចម្រុងចម្រើនដល់សព្វថ្ងៃ។

លោកប្រធានគណៈចលនា ក៏បានបញ្ជាក់ថា គណៈចលានសាសនិកឥស្លាម ជាសេនាធិការដែលធ្វើការជូនគណបក្សប្រជាជនកម្ពុជា ហេតុនេះ សមាសភាពដែលត្រូវបានប្រកាសតែងតាំង ត្រូវធ្វើការសហការការងារល្អជាមួយគណបក្សនៅមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាង ណាឲ្យកិច្ចការនានា ត្រូវបានបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន៕