(ភ្នំពេញ)៖ ខណៈដែលកាកបាទក្រហមកម្ពុជា បានរៀបចំប្រារព្ធ ខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម​០៨ឧសភា ២០១៧ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ដើម្បីប្រមូលថវិកា សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះនានា ទូទាំងប្រទេស​នោះ បុរី ប៉េង ហួត បានចូលរួមចំណែកជាថវិកា ជូនដល់កាកបាទក្រហមកម្ពុជា ចំនួន​១០​ម៉ឺនដុល្លារ​ សហរដ្ឋអាមេរិក ដើម្បីយកទៅប្រើប្រាស់ ក្នុងការបន្តបេសកកម្មការងារមនុស្សធម៌របស់ខ្លួន។

​ការចូលរួមចំណែកជាថវិកាចំនួន​១០​ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជានៅពេលនេះ គឺដើម្បីយកទៅប្រើប្រាស់ ក្នុងការបន្តបេសកកម្មមនុស្សធម៌ ដ៏ឧត្តុង្គឧត្តម និងធ្វើប្រតិបត្តិការ ជួយសម្រាលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះបំផុត ដែលរួមមាន អ្នករងគ្រោះដោយមហន្តរាយផ្សេងៗ ដូចជា ជនពិការ ចាស់ជរាឥតទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍។ល។ នៅតាមសហគមន៍ ជនបទនានា ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយ​អ្វីឡើយ​។

កន្លងមក បុរី ប៉េង ហួត តែងតែបានចួលរួមសកម្មភាពសង្គម និងមនុស្សធម៌នានាជាច្រើន។ ជាក់ស្ដែងនាពេលថ្មីៗកន្លងមកនេះ បុរី ប៉េង ហួត បានចែករំលែកអំណោយ ជូនប្រជាពលរដ្ឋ សាងសង់ផ្លូវថ្នល់ ព្រះវិហារ សាលារៀន ចូលរួមវិភាគទានជូនដល់​មន្ទីរពេទ្យ «គន្ធបុប្ផា» និង​ផ្ទះទេវតា តាមរយៈមូលនិធិបា​យ័ន ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍ ដល់និស្សិតមកពីបណ្ដា ខេត្តនានាជាង១០០កន្លែង នៅសាកលវិទ្យាល័យ​កម្ពុជា ផង​ដែរ។

ស្តែងចេញពីសកម្មភាពទាំងនេះ បុរី ប៉េង ហួត នឹងបន្តសកម្មភាពដ៏ប្រពៃនេះបន្តទៀត ក្នុងការចូលរួមចំណែក​ជាមួយរដ្ឋាភិបាល ក្នុងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសង្គមជាតិ៕