(ភ្នំពេញ)៖ ឈ្មួញរកសុីឈើនាំយកទៅលក់នៅប្រទេសវៀតណាមល្បីឈ្មោះកន្លងមកប្រចាំនៅទឹកដីខេត្តកំពង់ស្ពឺ និងពោធិ៍សាត់ដែលគេស្គាល់ ឈ្មោះសុី ស ឈ្មោះជឿង ថេង និងឈ្មោះវាសនា ផាន់ថានា ហៅស្នា ពេលនេះ មានពីរនាក់​ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅឃុំតាម អំណាចដីការបស់តុលាការ ដោយឡែកនៅតែ​មេឈ្មួញ​ឈ្មោះសុី ស ម្នាក់ប៉ុណ្ណោះដែលនៅមានសេរីភាពក្រៅឃុំបើទោះបីឈ្មោះសុី ស នេះ មានដីកាបញ្ជាអោយសមត្ថកិច្ច​ធ្វើការនាំខ្លួនយក​ទៅអោយតុលាការដើម្បីឃុំខ្លួនដូចគ្នាក៏ដោយចុះ។

រហូតមកដល់ពេលនេះ ឈ្មួញឈើដ៏ធំប្រចាំខេត្តកំពង់ស្ពឺដែលគេស្គាល់ឈ្មោះសុី ស នៅមិនទាន់ត្រូវបាន​សមត្ថកិច្ចធ្វើការចាប់ខ្លួនបាននៅឡើយ ទេ ខណៈឈ្មួញឈើឈ្មោះជឿង ថេង ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ចាប់ខ្លួនបញ្ជូនទៅឃុំនៅមុនចូលឆ្នាំខ្មែរ និងឈ្មួញឈើឈ្មោះវាសនា ផាន់ថានា ហៅស្នា ត្រូវមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ​ចាប់ខ្លួនបញ្ជូនទៅឃុំនៅក្រោយចូលឆ្នាំខ្មែរនោះ។

ការដែលសមត្ថកិច្ចមិនទាន់ចាប់ខ្លួនមេឈ្មួញ ឈើឈ្មោះសុី ស បាន ធ្វើអោយគេមានការសង្ស័យថាឈ្មួញឈ្មោះសុី ស នេះអាចនៅតែរកសុីឈើដដែលដោយគេអាចបញ្ជាចេញពីកន្លែង លាក់ខ្លួនតាមទូរស័ព្ឌអោយបក្ខពួកដៃជើង​របស់គេជាអ្នកទិញ លក់អោយក៏អាចថាបានដែរ ព្រោះកន្លងមកឈ្មោះនេះមិនដែលចេញមុខទៅទិញ ដឹកជញ្ជូនខ្លួនឯង​នោះទេ គឺគេប្រើតែដៃជើង បក្ខពួកអោយទៅប្រមូលទិញ និងដឹកយកទៅលក់នៅប្រទេសវៀតណាមអោយតែប៉ុណ្ណោះ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ សមត្ថកិច្ចអាវុធហត្ថលើ​ផ្ទៃប្រទេសបាន​ចុះទៅបង្ក្រាប​បទល្មើសដឹក និងស្តុកឈើ ប្រណីតជាច្រើនម៉ែត្រគូបនៅក្នុងផ្ទះ និងឃ្លាំងរបស់ឈ្មោះសុី ស ដែលមានទីតាំង​នៅភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រោយរកឃើញបទល្មើស ទើបសមត្ថកិច្ចកសាង​សំណុំរឿងបញ្ជូនទៅតុលាការ​រហូតឈានដល់ការចេញដីកា​អោយនាំខ្លួនតែម្ដងទៅ ដោយបទល្មើសនេះ មានបញ្ញត្តិអោយ​ផ្ដន្ទាទោសតាមមាត្រា៩៦​និងមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ៕


 ឈ្មួញរកសុីឈើប្រចាំខេត្តកំពង់ស្ពឺ ឈ្មោះសុី ស ពេលនេះកំពុងរត់គេចខ្លួននៅឡើយ