(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានក្រើនរំលឹកដល់ បេក្ខជនក្រុមប្រឹក្សាឃុំ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវថា គោលបំណងជាចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឲ្យប្រជាជន មានជីវភាពកាន់តែរីកចម្រើនល្អប្រសើរជាលំដាប់។
ការថ្លែងក្រើនរំលឹករបស់ លោក យឹម ណុលឡា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ប្រធានក្រុម អនុប្រធានក្រុមបក្ស និងបេក្ខជនក្រុមប្រឹក្សាឃុំ ទាំងពេញសិទ្ធិត្រៀម និងបម្រុងប្រមាណ ១១០០ នាក់ នៃឃុំកំពង់រាប ស្រុកព្រៃកប្បាសនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក កែវ រ៉េមី អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក បួន លឹមហេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំកំពង់រាប និងក្រុមការងារ ថ្នាក់ឃុំស្រុកផងដែរ។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព ពេញលេញ និងបានធ្វើឲ្យ សេដ្ឋកិច្ចកម្ពុជាមាន កំណើនជាលំដាប់ ដែលកំណើនសេដ្ឋកិច្ចនោះ មានថេរជាមធ្យមប្រចាំឆ្នាំ៧% ហើយផលិតផលសរុបក្នុងស្រុកជាមធ្យមសម្រាប់ មនុស្សម្នាក់ៗកើនពី៥៥៨ដុល្លារអាមេរិក្នុងឆ្នាំ២០០៦ ដល់១៣០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០១៧នេះ កម្ពុជាបានចាកចេញពី ចំណាត់ថ្នាក់ជាប្រទេសចំណូលទាបក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងសម្រេចឲ្យបាននូវគោលដៅជាតិដែលមាន បំណងប្រែក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០»។
លោក យឹម ណុលឡា បានជម្រាបជូនអង្គពិធីសំណេះសំណាលបន្ថែមទៀតអំពីសារៈសំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំព្រោះក្រុម ប្រឹក្សាឃុំជាអង្គបោះឆ្នោតអសកលក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សា រាជធានីខេត្តស្រុកក្រុងខណ្ឌ ហើយមេឃុំជាអ្នក តែងតាំងប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ។
ដើម្បីឈ្នះឆ្នោតក្រុមប្រឹក្សាឃុំនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានក្រើនរំលឹកដល់ប្រធាន ក្រុមបក្ស អនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ត្រូវបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម និងធ្វើអំពើល្អជាកិច្ច។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានផ្តាំផ្ញើដល់សមាជិក សមាជិកានៃអង្គពិធីទាំងអស់ត្រូវរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបាន រឹងមាំនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពទោះបីមានការថ្នាំងថ្នាក់ចំពោះអំពើ អសកម្មមួយចំនួនដែលកើតមាន នៅមូលដ្ឋានរបស់ ខ្លួនក៏ដោយក៏មិនត្រូវ «ខឹងគោទៅវាយរទេះនោះទេ»។
លោកបន្តថា សមាជិកបក្សម្នាក់ៗជាសន្លឹកឆ្នោតពិតប្រាកដរបស់បក្ស។ ព្រមជាមួយនោះត្រូវចលនាគ្រួសារមានប្រពន្ធ ឬប្តី ឪពុកម្តាយ បង្កើត ឪពុកម្តាយក្មេក កូនចៅ និងបងប្អូនឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕