(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបាន បង្ហាញ ក្ដីបារម្មណ៍ និងផ្ញើសារជូនពរសម្ដេច នៅពេលដែលសម្ដេចទៅសម្រាកព្យាបាលជំងឺ នៅប្រទេសសឹង្ហបុរី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ, ហើយសម្តេចក៏បានផ្ញើសារដល់អ្នករិះគន់សម្តេចផងដែរ។

ការថ្លែងអំណរគុ​ណរបស់សម្ដេចតេជោ ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ​«ខ្ញុំសូមអរគុណដល់បងប្អូនទាំងឡាយ ដែលបញ្ជូនសារជូនពរខ្ញុំតាមរយៈ Facebook ក្ដី តាមរយៈនៃសារជូនពរចូលមក ក្នុងទូរស័ព្ទដៃរបស់ខ្ញុំក្ដី ក៏ដូចជាបងប្អូននៅទូទាំងប្រទេសដែលបានបារម្មណ៍ពីសុខភាពរបស់ខ្ញុំប៉ុន្មានថ្ងៃកន្លងទៅ។ ខ្ញុំអរគុណណាស់ នេះក៏បង្ហាញពីការ យកចិត្តទុកដាក់ទៅវិញទៅមក»

ជាមួយគ្នានោះសម្ដេច ហ៊ុ​ន សែន ក៏ផ្ដាំផ្ញើទៅ​បុគ្គលមួយចំនួន ដែលបានឆ្លៀតឱកាសពេលសម្ដេចកំពុងសម្រាកព្យាបាល ហើយបានបន់ស្រន់ឲ្យ ទេវតាឆក់យកជីវិតសម្ដេច ដើម្បីផ្ដួលរំលំនោះដែលចេតនានេះ សម្ដេចបានចាត់ទុកថា គឺជាការប្រមាថអាយុជីវិតរបស់សម្ដេច ប៉ុន្ដែសម្ដេចបានបញ្ជាក់ ទៅវិញថា កុំសង្ឃឹមឲ្យសោះ។

សម្ដេចបញ្ជាក់យ៉ាងដូច្នេះថា៖ «​សូមផ្ដាំផ្ញើទៅអ្នកដែលមិនត្រូវការខ្ញុំ ហើយចង់ផ្ដួលរំលំខ្ញុំ សូមកុំសង្ឃឹមថា រង់ចាំឱកាសនៃសុខភាពរបស់ ហ៊ុន សែន ហើយសូមកុំរង់ចាំការស្លាប់របស់ ហ៊ុន សែន ឲ្យសោះ។ អ្នកមិនអាចបន់ស្រន់ ឲ្យទេវតាឆក់យកជីវិតរបស់ខ្ញុំទេ ព្រោះទេវតាបានចារមកឲ្យខ្ញុំនៅទីនេះ ច្រើនឆ្នាំហើយ រាប់ទាំងអស់លោក ដែលប្រមាថជីវិតរបស់ខ្ញុំផង ដែលធ្វើឲ្យលោកបានរស់ ជីដូនជីតារបស់លោកបានរស់។ ការប្រមាថរបស់អស់លោក ឬអ្នកទាំងឡាយ វាក្លាយទៅជាបណ្ដាសាសម្រាប់អស់លោកទៅវិញទេ។ សូមកុំសង្ឃឹម អំពីការចាប់ ហ៊ុន សែន ងាប់ វាងាប់ទៅណាវា បើវាមកឈរនិយាយចឹង ហើយនិយាយឮទៀតហាស»។

សូមបញ្ជាក់ថា ​សម្តេចតេជោ ហ៊ុន សែន បានចេញទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧​ ហើយសម្ដេចបាន​ត្រឡប់ មកដល់កម្ពុជាវិញ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែឧសភាម្សិលមិញនេះ។ ជាការកត់សម្គាល់​ជាមួយដំណឹងនៃការមានជំងឺ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលមកសម្តែងសមានចិត្តមនោសញ្ចេតនា អាណិតអាសូរ ព្រមទាំងបានជូនពរ ជាបន្តបន្ទាប់ឲ្យសម្តេចឆាប់បានជាសះស្បើយពីជំងឺ ដែលក្នុងនោះរួមមានទាំងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ផងដែរ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖