Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រវឹងស្រាខ្លាំងពេក ទាញដាវដេញកាប់ប្រពន្ធ ចុងក្រោយត្រូវកម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ចាប់ឃុំខ្លួន

08-05-2017 17:10

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ពីបទរក្សាទុកអាវុធដោយខុសច្បាប់ ក្រោយទាញដាវមួយដើម ដេញកាប់ប្រពន្ធនៅយប់មិញ ខណៈស្រវឹងស្រាជោកជាំ។

បុរសបង្កហិង្សាឈ្មោះ ប៉ុល ភត្ត្រា អាយុ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតភូមិព្រៃឆ្លាក់ឃុំព្រៃឆ្លាក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ កើត សុខា អាយុ៣៣ឆ្នាំ។

ហេតុការណ៍នេះកើតឡើងនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រហូតដល់ព្រឹកឡើង ទើបសមត្ថកិច្ចនាំខ្លួនបុរសខាងលើ ទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។

បុរសខាងលើបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុគាត់បានទៅស្តារលូនៅភូមិក្បែរគ្នា ហើយម្ចាស់ផ្ទះបានហៅផឹកស៊ីជាមួយគ្នា ក្រោយមកគាត់បានត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែប្រពន្ធគាត់រករឿងពេលនោះបានទំនាស់សម្ដីគ្នាទៅវិញទៅមកដោយគាត់មិនចង់ ឈ្លោះវែងឆ្លាយបានឡើងទៅលើគ្រែ គោលបំណងទៅដេក ស្រាប់តែប្រពន្ធគាត់បានតាមទៅទះគាត់មួយដៃចំផ្ទៃមុខធ្វើឲ្យគាត់ខឹងបាន ទាញដាវ នៅក្បែនោះ ដេញគំរាមកាប់ប្រពន្ធធ្វើឲ្យនាងភ័យរត់ទៅបុកនឹងស័ង្កសីក្បែរនោះបណ្តាលឲ្យមុតកែងជើងតែម្តងទៅភ្លាមៗត្រូវ បានសាច់ញាតិបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ការហៅបុរសខាងលើមកសាកសួរនេះ មិនពាក់ព័ន្ធនឹងប្រើហិង្សាក្នុងគ្រួសារឡើយ គឺពាក់ព័ន្ធនឹងរក្សា អាវុធខុសច្បាប់ (ដាវកែច្នៃ) ប៉ុណ្ណោះ។ ក្រោយសាកសួរចប់ បុរសខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់៕