(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង តំណាង​មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំពិធី អប់រំចិត្តសាស្ដ្រ ដល់នាយទាហាន នាយទាហានរង មកពីមន្ទីរទាំង៥ ក្រុង-ស្រុកស្នាក់ការសន្តិសុខ កងអនុសេនាធំចល័តលេខ២៣ សរុប​១៧១​នាក់​។

លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន បានលើកឡើង ចំពោះការងារអប់រំចិត្តសាស្ត្រ អំពីគោលបំណងការអប់រំចិត្តសាស្ត្រថា ជាការពង្រឹងគោលជំហរសតិអារម្មណ៍ ស្មារតី ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ក្តាប់ជាប់នូវការវិវត្តន៍ថ្មីៗ​ នៃសភាពការណ៍នយោបាយ និងសន្តិសុខសង្គមជាប្រចាំ​។

​ក្នុងនោះលោក បានបញ្ជាក់ឲ្យ​នាយទាហាន នាយទាហានរង និងពលអាវុធហត្ថយល់ជ្រួតជ្រាបនៅតួនាទី ភារកិច្ច និងបេសកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុត ស្មោះត្រង់ដាច់ខាតចំពេះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់។

លោកឧត្តមសេនី​យ៍ត្រី និងជាគ្រូឧទ្ទេសផ្នែកអប់រំចិត្តសាស្ត្រ បានរំលឹក ​«ក្នុងនាមយើជាកងកម្លាំងដាច់ខាត​ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ចំណេះដឹងទូទៅ ចំណេះដឹងផ្នែកច្បាប់ បទបញ្ជារួមទាំងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈជាយោធាច្បាប់ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល​​»

លោកមេបញ្ជការរងបានបន្តថា ត្រូវជំរុញគ្រប់បណ្តាអង្គភាពនានា និងសមាសភាពដែលមានការពាក់ព័ន្ធ ត្រូវម្ចាស់ទទួលខុសត្រូវ រៀបចំចាត់ចែងចូលរួមអនុវ​ត្ត ដើម្បីសម្រេចបានផែនការអប់រំចិត្តសាស្ត្រ បន្តពីគ្រូបង្គោលឲ្យបានគ្រប់ៗគ្នា​ ហើយគ្រប់ផ្នែកក្នុងការអប់រំចិត្តសាស្ត្រ ត្រូវធានាឲ្យបានទាំងបរិមាណ និងគុណភាព ហើយក្តាប់ជាប់នូវទស្សនៈ គោលជំហរ និងការវិវត្តប្រែប្រួលសតិអារម្មណ៍ របស់អាវុធហត្ថគ្រប់រូប នៅគ្រប់កាលៈទេសៈ និងតាមដំណាក់កាលរបស់ប្រទេសជាតិ ខិតជិតមកដល់ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ត្រូវមានវិធានការចាំបាច់ ដោះស្រាយជូនដល់កងកម្លាំងឲ្យទាន់ពេលវេលា៕