(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្ដេចមិនអនុញ្ញាតិឲ្យ មន្ទីរពេទ្យគន្ធបុប្ផាដួលរលំជាដាច់ខាត បើទោះបីជាអវត្តមាន លោក​វេជ្ជបណ្ឌិត Beat Richne​r ដែលជាស្ថាបនិក និងជាប្រធានមន្ទីរពេទ្យនេះក៏ដោយ។

ការបញ្ជាក់យ៉ាងដូច្នេះ របស់សម្ដេចតេជោ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​រូបនេះ ថ្លែងយ៉ាងដូច្នេះថា «​បើទោះបីជា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាអ្នករៀបចំនូវ មន្ទីរពេទ្យនេះ កំពុងស្ថិតក្នុងស្ថានភាពមានជំងឺ តែយើងមិនត្រូវទុកឲ្យមន្ទីរពេទ្យមួយនេះដួលរលំ ដោយសារអវត្តមានរបស់វេជ្ជបណ្ឌិត Richner នោះទេ​»

សូមជម្រាបថា កាកបាទក្រហមកម្ពុជាដោយគិតចាប់តាំងពីឆ្នាំ២០១២មក បានបរិច្ចាកថវិកា ១លានដុល្លារជារៀងរាល់ឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីផ្គត់ផ្គង់ទៅលើការចំណាយផ្សេងៗ។ ជាក់ស្ដែងនៅក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា បានបន្ដឧបត្ថម្ភថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យនេះផងដែរ។

ជាមួយនឹង​ការ​ផ្ដល់​ថវិកា​នេះ ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​បាន​សម្ដែង​នូវ​ការ​​រីករាយ ​​អំពី​ការ​បន្ដ​ផ្ដល់​​ថវិកា​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​ដែល​បាន​ចូល​មក​ពី​ការចូលរួម​វិភាគទាន​នៅ​ថ្ងៃនេះ ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ​បន្ថែម​ពីនេះ​សម្ដេច​តេជោ ​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​សប្បុរសជន​ទាំងអស់ ​បន្ដ​សកម្មភាព​មនុស្សធម៌​ទាំងនេះ​ទៀត ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ ​បាន​បន្ដ​ការងារ​សង្គ្រោះ​កុមារ​កម្ពុជា​ថែមទៀត​ផង​ដែរ​។​

​សូម​រំលឹក​ថា ​នៅ​ថ្ងៃទី២៨ ​ខែមីនា​ ​ឆ្នាំ២០១៧កន្លងទៅ ​ស្ថាបនិក ​និង​ប្រធាន ​មន្ទីរពេទ្យ​មនុស្សធម៌​ដ៏​ធំ​នៅ​កម្ពុជា​គន្ធបុប្ផា ​លោក​វេជ្ជបណ្ឌិត ​Beat ​Richner ​បាន​​ទទួលរង​នូវ​ជំងឺ​ជា​ទំ​ងន់ ​ហើយ​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វីស ​ហើយ​លោក​​ក៏បាន​លាលែង​ពី​​តំណែង ​ដោយ​​ត្រូវ​ប្រគល់​តួនាទី​ជូន ​លោក​វេជ្ជបណ្ឌិត ​Peter ​Studer ​ដែល​ជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​​លោក​វេជ្ជបណ្ឌិត ​Richner ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​មន្ទីរពេទ្យ ​មនុស្សធម៌​គន្ធបុប្ផា​ជួយ​ព្យាបាល​កុមារ​កម្ពុជា ​ដោយ​ឥតគិតថ្លៃ​តាំងពី​ឆ្នាំ១៩៩២មក​ម្ល៉េះ​។ ​គិត​មកដល់​ត្រឹម​ឆ្នាំ២០១៦ ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថ​វិការ​ជាង ​៥០០លាន​ដុល្លារ ​សម្រាប់​ការ​ព្យាបាល ​ក្នុង​នោះ​ប្រមាណ ​៤០០លាន​ដុល្លារ ​បាន​មក​ពី​សប្បុរសជន​នៅ​ប្រទេស​ស្វីស ​និង​ប្រមាណ ​៧ភាគរយ​ជា​ការចូលរួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​៨.៨​% ​ជា​ការចូលរួម​របស់​រដ្ឋាភិបាល​ស្វីស ​(រដ្ឋាភិបាល​ស្វីស ​បាន​ផ្តល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៤លាន​ដុល្លារ ​ជា​រៀងរាល់​ឆ្នាំ) ​ក្រៅពីនោះ​ជា​ការចូលរួម ​របស់​សប្បុរសជន​ក្នុង ​និង​ក្រៅ​ស្រុក​ដទៃទៀត​ផង​ដែរ​៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖