(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា បច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ចិនបានឈានដល់កម្រិតខ្ពស់បំផុត ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ក្នុងការផ្តល់ផលប្រយោជន៍ គ្នាទៅវិញទៅមក សំរាប់ប្រជាជាតិប្រទេសទាំងពីរ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បន្តថា គោលនយោបាយរបស់កម្ពុជា នៅតែប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយ។ លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍន៍ភាព នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ដែលកំពុងផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ កម្ពុជា-ចិន។
លោកស្រី ម៉ែន សំអន បានលើកឡើងបែបនេះ ខណៈលោកស្រី បានជួបស្វាគមន៍ពិភាក្សា ការងារជាមួយលោកស្រី សិន យៀក យៀក (Shen Yue yue) អនុប្រធានតំណាងសហព័ន្ឋនារីចិន នៅក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះលោក ហុង ឡុង នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងឲ្យដឹងថា នៅក្នុងជំនួបនោះ លោកស្រី សិនយៀកយៀក (Shen Yue yue) អនុប្រធានតំណាងប្រជាជនចិន បានឲ្យដឹងថា ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចំរើនយ៉ាងខ្លាំង។ កម្ពុជាគឺជាអ្នកជិតខាងល្អរបស់ចិន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយចិន ក្នុងនាមជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាង សំខាន់របស់ចិន។
លោកស្រី ក៏បានរំលឹកនូវការផ្សារភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ បានប្រសូត្រឡើងដោយថ្នាក់ដឹកនាំជំនាន់មុន ហើយនៅ ពេលបច្ចុប្បន្នទំនាក់ទំនងនៃប្រទេសទាំងពីរ បានស្ថិតនៅដំណាក់ កាលល្អបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកាលពីឆ្នាំមុន នៅកម្ពុជា គឺថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាឯកភាពគ្នា នៅលើចំនុចយ៉ាងច្រើន ទាក់និងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឃន៏លើ វិស័យជាច្រើននៅកម្ពុជា។
អ្នកនាំពាក្យបន្តថា លោកស្រី ស៊ិន យៀកយៀក បានថ្លែងអបអរសាទរចំពោះរីកចំរើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយលោកស្រីសង្ឃឹមថា គណបក្សប្រជាជននឹងទទួលលទ្ឋផលល្អ នៅបោះឆ្នោតខាងមុខនះ៕