(ភ្នំពេញ)៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកត់សម្គាល់ទៅលើអត្ថបទកាសែត ភ្នំពេញប៉ុស្តិ៍ មាន ចំណងជើងថា «ការពិចារណាផ្អាក សំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម» ដែលចេញផ្សាយលើទំព័រកាសែត ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។
យោងតាមអត្ថបទមួយនេះសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ជូនដំណឹងដល់ សាធារណជនដោយផ្ទាល់ ដើម្បីបញ្ចៀសនូវការស្មានដោយ ផ្អែកទៅលើ អង្គហេតុមិនត្រឹមត្រូវ ជាពិសេសដោយ សារតែភាគីខ្លះបានលើកឡើងយ៉ាងច្បាស់ ឬដោយប្រយោល រួចហើយជាមួយកាសែតនេះអំពីអត្ថិភាពនៃសេចក្តីសម្រេច។
សហចៅក្រមស៊ើបអង្កេត បានស្នើឲ្យភាគីដាក់សេចក្តីសន្និដ្ឋានសម្រាប់សំណុំរឿង ០០៣, ០០៤ និង ០០៤/២ និងការិយាល័យរដ្ឋបាល របស់តុលាការ ដោយបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនអំពីស្ថានភាពថវិកាសម្រាប់សាលាក្តីនិងផលប៉ះពាល់នៃស្ថានភាព ថវិកានេះចំពោះ អនាគតនៃសំណុំរឿងទាំងនេះ។
សំណើនេះត្រូវបានផ្ញើជូនដោយសម្ងាត់ ពីព្រោះនេះ គឺជាផ្នែកមួយនៃដំណាក់កាលស៊ើបអង្កេត ដែលជាទូទៅត្រូវតែរក្សាការសម្ងាត់ ហើយម្យ៉ាងទៀត ពីព្រោះតែបញ្ហានេះ មានភាពរសើបខ្លាំង ការិយាល័យរដ្ឋបាល នឹងត្រូវពិគ្រោះ ជាមួយអង្គការសហប្រជាជាតិ និង រាជរដ្ឋាភិបាលកម្ពុជា អំពីបញ្ហាពាក់ព័ន្ធនឹងថវិកា។ នេះជាបញ្ហារសើប និងមិនត្រូវយកមកពិភាក្សា ជាសាធារណៈ នៅក្នុងដំណាក់កាល នេះទេ។
អត្ថបទកាសែតនេះ ក៏មិនត្រឹមត្រូវដែរ ដោយសារតែទី១ នេះជាសេចក្តីសម្រេចរួមរបស់សហចៅក្រមទាំងពីរ ដូច្នេះជាការមិនត្រឹមត្រូវទេ ដែលលើកឡើងថា ខ្លឹមសារ និងសំអាងហេតុនៃសេចក្តីសម្រេចនេះ ចេញតែពីសហចៅក្រមស៊ើបអង្កេតអន្តរជាតិ តែម្នាក់ឯងនោះ។ ទី២ ពុំមាន «សេចក្តីសង្ខេបផ្លូវការ» នៃសេចក្តីសម្រេចនេះទេ។
ជាមួយគ្នានោះកាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់ពាក្យពេចន៍ ដើមនៃឯកសារ ឬសម្រង់ដែលអ្នករាយការណ៍បានផ្តល់ជូន។ ព័ត៌មាននេះ បានលេចធ្លាយ ដោយរំលោភលើកាតព្វកិច្ចក្នុងការរក្សាការសម្ងាត់ របស់អ្នករាយការណ៍ និងជាការរំលោភលើទំនុកចិត្តវិជ្ជាជីវៈ យ៉ាងធ្ងន់ធ្ងរ និងគួរឲ្យសោកស្តាយ សហចៅក្រមស៊ើបអង្កេត ពុំមានមតិយោបល់អ្វីទៀតទេ លើបញ្ហានេះ៕