(សៀមរាប)៖ មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បានរកឃើញទំនិញប្រភេទភេសជ្ជៈ ដែលខូចគុណភាពដាក់លក់ នៅក្នុងផ្សាររលួស ហើយក្រុមការងារ បានដកហូតយកដើម្បីទុកដុតកម្ទេចចោល។
អនុវត្តន៍តាមការណែនាំជាប្រចាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ឲ្យចុះត្រួតពិនិត្យ ទំនិញ ជាពិសេសផលិតផលម្ហូបអាហារដែលនាំចូល ក៏ដូចជា ទំនិញកំពុងចរាចរតាមទីផ្សារ ដើម្បីការពារសុខុមាលភាពរបស់អ្នក ប្រើប្រាស់។
ជាក់ស្តែងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការ ជាមួយ មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានបន្តចុះពិនិត្យផលិតផលនៅទីផ្សារ ស្ថិតនៅផ្សាររលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពិនិត្យគុណភាព លើផលិតផលម្ហូបអាហារ និងផលិតផលវេចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅផ្សាររលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ដែលជាកង្វល់រួមរបស់អ្នកប្រើប្រាស់។
បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ធ្វើតេស្តបឋមទៅលើផលិតផល ម្ហូបអាហារមួយចំនួនដែលកំពុង ដាក់តាំងលក់នៅតាម បណ្តាតូប មួយចំនួននៅផ្សាររលួសរួចមក មន្រ្តីជំនាញកាំកុងត្រូល ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផល ម្ហូបអាហារ ដែលបានត្រួតពិនិត្យទាំងនោះឡើយ។ ប៉ុន្តែក្រុមការងារបានពិនិត្យរកឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆទកំណត់ប្រើប្រាស់ ដូចជា៖ ទឹកដោះគោខាប់ ទឹកសណ្តែកដប ទឹកស៊ីអ៊ីវដប ភេសជ្ជៈដប ប៊័រកំប៉ុង តៅហ៊ូដប។ សរុបមាន ចំនួន 13,229គីឡូក្រាម។ ចំពោះផលិតផលខូចគុណភាពទាំងនេះ ក្រុមការងារបានធ្វើកំណត់ហេតុ និងដកហូតយកមករក្សាទុកដើម្បី សុំគោលការណ៍ កំទេចចោលនៅពេលក្រោយ។
បន្ថែមពីនេះ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងបានណែនាំអំពីផលប៉ះពាល់ដែលបណ្តាលមកពី បរិភោគអាហារ ខូចគុណភាព ព្រមទាំងបានផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ ត្រូវរៀបចំដាក់តាំងលក់ផលិតផលឲ្យសមស្របតាមលក្ខណៈបច្ចេកទេស មិនត្រូវដាក់តាំងលក់ ផលិតផលម្ហូបអាហារ នៅកៀកជាប់នឹងផលិតផលប្រើប្រាស់ដែលមានសារធាតុពុលនោះឡើយ។ ចំពោះ ផលិតផលជាភេសជ្ជៈវិញ ក៏មិនត្រូវដាក់តាំងលក់ចំកំដៅថ្ងៃខ្លាំងដែរ ដែលវាអាចប្រែប្រួលខូចគុណភាពបាន៕