(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កាលពីពេលថ្មីៗនេះ អគ្គលេខាធិការអង្គការ សហប្រជាជាតិបានស្នើឲ្យ កម្ពុជា ផ្តល់ជំនួយដល់ប្រទេសយេម៉ែន ក្រោយពីប្រទេសមួយនេះបានរងគ្រោះដោយសារតែសង្រ្គាម ដែលបង្កឡើងដោយសារមនុស្សជាអ្នកបង្កើតឡើង តែមិនមែនដោយសារតែកត្តាធម្មជាតិនោះទេ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា សូមកុំឲ្យបង្កជាសង្រ្គាមក្នុងប្រទេស បើសិនប្រទេសមានសង្រ្គាមសូម្បីតែជីវិតរបស់យើង ក៏មិនគង់វង្សបានដែរ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេចបានអញ្ជើញចូលរួមនៅក្នុង ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅប៉ុន្មនាថ្ងៃនេះ ខ្ញុំបានទទួលលិខិតរបស់ អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីអញ្ជើញឲ្យចូលរួមប្រជុំសន្និសីទអន្តរជាតិ ដើម្បីរកជំនួយ ផ្តល់ទៅដល់ឲ្យប្រទេសយេម៉ែន នៅទីក្រុងហ្ស៊ណែវ នោះតើមកពីអ្វី នោះគឺមកពីសង្រ្គាមដែលបង្កដោយមនុស្ស មិនមែនដោយកត្តាធម្មជាតិនោះទេ»។
សម្តេចតេជោ បង្ហាញការបញ្ហាសង្ឃឹមយ៉ាងមោះមុតថា «ប្រជាជាតិរបស់យើងយល់ឲ្យបានច្បាស់ពីតំលៃនៃសន្តិភាព ថ្ងៃនេះកាកបាទក្រហមរបស់ យើងបានប្រឹងប្រែងរកជំនួយ ជួយទៅដល់ប្រជាជនក្រីក្រ ដែលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ ហើយក៏មានមួយផ្នែកផ្តល់ជំនួយទៅដល់ប្រជាជន រងគ្រោះ បណ្តាលមកពីសង្រ្គាមពីអតីតកាល ដែលគេទំលាក់គ្រាប់បែក និងគ្រាប់មីន ដែលធ្វើឲ្យប្រជាជនបន្តស្លាប់ និងរបួស។ សូមកុំឲ្យការប៉នប៉ង បង្កើនឡើងវិញនូវសភាពនៃសង្រ្គាមឲ្យសោះ វត្តមាននៃសន្តិភាព គឺផ្តល់ឱកាសឲ្យយើងកែលំអរនូវស្ថានភាពទាំងឡាយដែលយើងត្រូវកែលំអរ បើសិនប្រទេសកើតសង្រ្គាមវិញវាមិនត្រឹមតែ ដើម្បីកែលម្រនោះទេ ក៏ប៉ុន្តែសូម្បីតែជីវិតរបស់យើងក៏មិនគង់វង្សនោះដែរ»។
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖