(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ដើម្បីបើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ជាមួយប្រជាពលរដ្ឋទាំង ៤៩៣គ្រួសារ ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា ចំពោះបញ្ហារឿងតម្លៃ ដែលធ្វើឡើងនៅទីស្ដីការក្រសួងដែនដី។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់នៅលើ Facebook Page ថា «ខ្ញុំសូមគោរពអញ្ជើញបងប្អូន ប្រជាពលរដ្ឋដែលរស់នៅអគារ ប៊ូលឌីញស បានជ្រាបថា ខ្ញុំដឹកនាំប្រជុំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ម៉ោង០៨៖៣០នាទីព្រឹក នៅក្រសួងដែនដី ដើម្បីដោះស្រាយ បញ្ចប់បញ្ហា»។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ បញ្ហាអាគារប៊ូឌីញ «ស» ត្រូវបានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបើកកិច្ចប្រជុំ រួចម្ដងហើយ ដោយក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ បានព្រមព្រៀង សម្រេចចិត្តលក់ទាំងអស់គ្នា ដើម្បីទទួលយកប្រាក់ ប៉ុន្ដែនៅឡើយតែចំពោះតម្លៃ។ ក្នុងនោះប្រជាពលរដ្ឋភាគច្រើនទាមទារ តម្លៃជាង២ពាន់ដុល្លារ ក្នុង១ម៉ែត្រការ៉េ តែលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមហ៊ុនជប៉ុន បានដាក់តម្លៃឲ្យ១៣៥០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ ដើម្បីយកទៅពិចារណា។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស» គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយ ក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោង ចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមាន៖ ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕