(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានរាយការណ៍ថា នៅពេលបច្ចុប្បន្ននេះ ជនជាតិវៀតណាម បានចូលមកនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប ក្នុងអតីតឡូត៍អភិរក្សលេខ៦ ក្នុងឃុំរាំងទិល ស្រុកកណ្តៀង ដោយប្រើទូកស៊ីបប្រើប្រាស់កម្លាំង ម៉ាស៊ីនរហូតដល់៦០គ្រឿង យ៉ាំងកាវប្រើខ្សែភ្លើងឆក់ត្រីជាង២០គ្រឿង និងអួនខ្នាតយក្សជាង១០គ្រឿងផងដែរ។
ប្រជានេសាទខ្មែរបានបញ្ជាក់ថា ក្រុមឈ្មួញជនជាតិវៀតណាម បានចូលមកនេសាទខុសច្បាប់ជារៀលរាល់ថ្ងៃ ដោយមានទូករុញស៊ីប៦០គ្រឿង កំពុងបញ្ចេញសកម្មភាព នេសាទចាប់ត្រី នៅចំណុចពីខាងកើតកំពង់លួង រហូតដល់តំបន់ក្រចាប់ ហើយក្រុមឈ្មួញទាំងនេះបាន ប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើ ឧបករណ៍យ៉ាំងកាវ និងអួនក្រឡាញឹក អូសដោយម៉ាស៊ីនខ្នាតធំៗចំនួន១៧គ្រឿង នៅតំបន់ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បើតាមប្រជានេសាទ មានអួនអូសប្រើរូបភាពពីម៉ាស៊ីនធំ មករូបភាពតូចៗវិញ ដោយមានអ្នករត់ការបងលុយឲ្យជំនាញរដ្ឋបាលជលផល ក្នុងមួយគ្រឿង១លានរៀល ថ្នូរការបើកដៃឲ្យមានបទល្មើសបង្កើនសកម្មភាព រហូតដល់បច្ចុប្បន្ននេះ ដែលទូកអួនមានជាង២០គ្រឿងទៀត កំពុងធ្វើការនេសាទនៅខាងមុខអាកុល ឃុំអូរសណ្ដាន់រហូតដល់ដងកូមទី២ អតីតឡូត៍លេខ៧ ខេត្តពោធិ៍សាត់។
បើតាមសេចក្តីរាយការណ៍ដដែល លោក ស្វាយ សំអាត នាយផ្នែករដ្ឋបាលជលផលស្ដីទីក្រគរ និងលោក ភុន សុវណ្ណា នាយសង្កាត់រដ្ឋបាលជលផល កណ្ដៀង សង្ស័យមានការជាប់ពាក់ព័ន្ធការប្រព្រឹត្តបទល្មើស ដោយអនុញ្ញាតឲ្យឈ្មួញប្រើឧបករណ៍យ៉ាំងកាវជាង១០គ្រឿងទៀត រួមផ្សំខ្សែភ្លើងឆក់ត្រី យ៉ាងអនាធិប្បតេយ្យ។
ប្រជានេសាទទាំងនោះ បានអះអាងថា ជនដែលជាអ្នករត់ការយកលុយបង់ឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះ ត្រូវបានគេស្គាល់ឈ្មោះ ជៀវ ជាជនជាតិវៀតណាម មានប្រពន្ធជាអ្នកលក់ឧបករណ៍នេសាទនៅកំពង់លួង ឈ្មោះ រុន និងឈ្មោះ ស៊ៀង(ហៅដំរី)។
ជាមួយគ្នានេះ ប្រជានេសាទបានទម្លាយថា ជាក់ស្ដែងនៅយប់ថ្ងៃទី៦ខែឧសភា ឆ្នាំ២០១៧ ក្នុងតំបន់ឡូត៍អភិរក្ស នៃដែនទឹកទន្លេសាបខេត្តពោធិ៍សាត់ ឈ្មោះ ឌាំង ជនជាតិវៀតណាម បានអូសយ៉ាំងកាវពីចំណុចដងគោមទី២ ដោយប្រើប្រាស់កម្លាំងទូក៦ម៉ាស៊ីន ចាប់ត្រីបានលក់ឲ្យឈ្មួញឈ្មោះ សំណាង ឈ្មោះ ឡាង និងឈ្មោះចែមូយ តែមួយយប់សោះបាន៥០លានរៀល។ ឈ្មោះ សាំ ប្រើប្រាស់កាណូត២ម៉ាស៊ីនទាក់បូ ចំនួន៤គ្រឿង នេសាទនៅចំណុចរហូតដល់ជិតស្មាក់ការ ចាប់ត្រីលក់ឈ្មោ បេ៨លានរៀល។ ឈ្មោះ ហុង ស៊ែ អូសនៅជិតអូរប័រប៉ូលិសដោយប្រើប្រាស់ កម្លាំងទូក៦ម៉ាស៊ីន ចាប់ត្រីលក់បាន៥០លានរៀល។ ឈ្មោះ ថន នេសាទអូសយ៉ាំងកាវ នៅចំណុចទូកលិចរហូតដល់ស្នាក់ការ រដ្ឋបាលជលផល ចាប់ត្រីលក់បានជាង៥០លានរៀល។ ឈ្មោះណាម លក់មួយនេសាទនៅចំណុចជ្រោយកោះក្អែករហូតដល់ស្នាក់ការរដ្ឋជលផល។
ឈ្មោះ ប៉េវ អូសយ៉ាំងកាវនៅចំណុចដងគោម រហូតដល់ទូកលិច ចាប់ត្រីលក់ឲ្យឈ្មួឈ្មោះចែមួយ២៥លានរៀល។
ប្រជានេសាទអះអាងថាគ្រាន់តែក្រុមឈ្មួញជនជាតិវៀតណាម៣នាក់មានឈ្មោះឌាំ ង ថន និងហុងស៊ែ ប៉ុណ្ណោះ បង់លុយឲ្យលោក មាស ប៊ុនធឿន ហៅមែល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្នុងមួយយប់៧លានរៀល បង់លុយឲ្យលោក ភុន សុវណ្ណា នាយសង្កាត់២៥០០ដុល្លារ បង់ឲ្យលោក ហម ណារិន ហៅកាមារី នាយរងសង្កាត់៥លានរៀល។
ការបើកដៃឲ្យជនជាតិវៀតណាម ចូលនេសាទដោយខុសច្បាប់ ក្នុងឡូត៍អភិរក្សលេខ៦នោះ គឺមិនមែនមានតែមួយលើក ឬពីរលើកនោះទេ ជាក់ស្ដែងនៅមុននារដូវបុណ្យចូលឆ្នាំខ្មែរយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ក៏មានសកម្មភាពបែបនេះដែរ ដោយពួកគេម្នាក់ៗ ចាប់ត្រីលក់បានលុយរហូតទៅដល់ជាង៧០លានរៀលឯណោះក្នុងមួយយប់ៗ៕