(ភ្នំពេញ)៖ ថ្លែងពីក្នុងទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានាយកមកទ្រទ្រង់សកម្មភាព ការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការសាទរ ដល់លោក Emmanuel Macron ដែលទើបទទួល បានតំណែងប្រធានាធិបតីបារាំងថ្មី ក្រោយឈ្នះ ការបោះឆ្នោតជ្រើសរើសប្រធានាធបតីបារាំង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ទោះបីជា លោក Macron ក្លាយជាប្រធានាធិបតីបារាំងថ្មីក៏ដោយ ប៉ុន្តែសម្តេចតេជោ រំពឹងថា ទំនាក់ទំនង កម្ពុជា-បារាំង នឹងបន្តទៅមុខទៀត បើទោះបីជាប្រធានាធិបតីនោះចេញពីគណបក្ស នយោបាយណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដោយសារលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង បានដឹងរួចហើយ គឺលោក ម៉ាក្រូន ទទួលជោគជ័យ នៅក្នុងអាត្រា ប្រមាណ៦៥ភាគរយ ខ្ញុំក៏សុំយកឱកាសនេះ ចូលរួម អបអរសាទរ ដល់អនាគតប្រធានាធិបតី ដែលនឹងចូលកាន់ ដំណែងនៅប៉ុន្មានថ្ងៃខាងមុខនេះ ពីព្រោះថា ប្រទេសបារាំង នឹងមិនរង់ចាំយូរនោះទេ ជាប់ភ្លាម ហែរក្បួនភ្លាម ក្រុមប្រឹក្សាធម្មនុញ្ញា បានប្រកាសភ្លាម ក៏បានក្លាយទៅជាប្រធានាធបតីភ្លាម។ ខ្ញុំសង្ឃឹមថា ទំនាក់ទំនង កម្ពុជា បារាំង នឹងបន្តទៅមុខទៀត បើទោះបីជា ប្រធានាធិបតីនោះ ចេញពីគណបក្សនយោបាយ ណាក៏ដោយ»។

គួរបញ្ជាក់ថា លោក Emmanuel Macron បានទទួលជ័យជម្នះលើគូប្រជែង​របស់ ខ្លួនដែលជាអ្នកនយោបាយស្តាំនិយមជ្រុល លោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជ្រើសប្រធានាធិបតី​បារាំងនាថ្ងៃអាទិត្យម្សិលមិញនេះហើយ។

យោងតាមលទ្ធផលផ្លូវការចុងក្រោយបំផុតពីក្រសួងមហាផ្ទៃនៃប្រទេសបារាំង ស្របពេលដែលសន្លឹកឆ្នោតត្រូវបានរាប់ស្ទើរតែជិត​អស់​ហើយ​​នោះ​ គេសង្កេតឃើញថា លោក Macron បានផ្តួលលោកស្រី Le Pen ក្នុងសំឡេងគាំទ្រចំនួន៦៦.០៦សំឡេង ទល់នឹង​​៣៣.៩៤សំឡេង ហើយរូបលោកក្នុងវ័យទើបតែ៣៩ឆ្នាំប៉ុណ្ណោះនោះ នឹងក្លាយជាប្រធានាធិបតីដែលក្មេងជាងគេបង្អស់របស់​ប្រទេសបារាំង។

លោក​ Emmanuel Macron អាចនឹងការស្បថចូលកាន់តំណែងជាប្រធានាធិបតី ថ្មីនៅពាក់កណ្ដាលខែឧសភានេះ ពោលគឺមុនការបោះឆ្នោតសភា ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ និងទី១៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជ្រើស តាំងសមាជិកសភា៥៧៧នាក់៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖