(ក្រចេះ)៖ មន្រ្តីសាខាកាំកុងត្រួលខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយ លោក យាង បាក់ អនុប្រធានសខាកាំកុងត្រួលខេត្ត ចុះត្រួតពិនិត្យលើមុខម្ហូបចំណីអាហារ នៅផ្សារឆ្លូង និងតាមផ្ទះល្វែងជុំផ្សារ ស្រុកឆ្លូង នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងនោះមន្ដ្រីជំនាញដកហូតបានទំនិញមួយចំនួន យកដុតកម្ទេចចោល។
លោក យាង បាក់ អនុប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ ទៅលើផលលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងចំណីអាហារដែលអាជីវករ ដាក់លក់ឲ្យពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលជំនាញធ្លាប់ចុះណែនាំជាច្រើនលើកច្រើនសារ តែការចុះពិនិត្យលើកនេះ រាល់អាហារទាំងនេះ មិនមានសាធាតុបូរ៉ាក និងម្សៅគីមីទេ គឺមានសុវត្ថិភាពត្រឹមត្រូវអាចហូបមិនប៉ះពាល់ដល់សុខភាព។
អនុប្រធានសាខារូបនេះ បញ្ជាក់ថា មន្ដ្រីជំនារបស់លោកដកហូត ទំនិញខូចគុណភាព និងលើសកាលបរិច្ឆេទ ដែលពួកគាត់ដាក់លក់មានដូចជា ទឹកដោះគោ និងម្សៅស៊ុបមួយចំនួន យកទៅដុតបំផ្លាញចោល និងអប់រំពួកគាត់មិនឲ្យលក់ដូរផលិតផល ហួសកំណត់ឲ្យប្រើប្រាស់ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកបន្ថែមថា ក្នុងចុះត្រួតពិនិត្យនៅផ្សារឆ្លូងលើកនេះ គឺបានរកទំនិញលើសកំណត់ឲ្យប្រើប្រាសតិចតតួចបំផុត ដោយសារបងប្អូនអាជីវករនៅផ្សារឆ្លូង មានការយល់ដឹងច្រើនអំពីបញ្ហាទំនិញខូចគុណភាព និងទំនិញហួសការបរិច្ឆេទក្រោយមន្ដ្រីជំនាញបានអប់រំពួកគាត់រួចមក៕