(ភ្នំពេញ)៖ អ្នកណាថាខ្មែរអន់ អ្នកណាថាខ្មែរចាំតែទទួលយកឥទ្ធិពល និងចាំតែចម្លងពីគេនោះ គឺខុសស្រឡះហើយ។ តាមពិតខ្មែរមិនអន់ទេ ថ្វីត្បិតតែខ្មែរនៅក្រជាប្រទេសតូចតាចក៏ពិតមែន តែខ្មែរមិនអន់ឡើយ ជាពិសេសដប់ម្ភៃឆ្នាំមកនេះ ឥទ្ធិពលខ្មែរមិនធម្មតាទេ គឺបានសាយភាយជះពាសពេញពិភពលោក សូម្បី តែប្រទេសមហាអំណាចមួយចំនួន ក៏ទទួលយកឥទ្ធិពល និងចម្លងស្ទីលពីខ្មែរទៅដែរ។
ជាប្រវត្តិសាស្ត្រក្នុងរយៈពេលខ្ទង់២០ឆ្នាំមកនេះ ដូចជាមានតែខ្មែរយើងទេ ដែលជាប់ឯកត្តកម្មនៅ ក្រោយការបោះឆ្នោត គណបក្សដែលចាញ់បាននាំគ្នា «ឡាំប៉ា» ធ្វើបាតុកម្មហឹង្សាប្រឆាំងនឹងលទ្ធផល បោះឆ្នោតនោះ។ ឥឡូវជំងឺមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតដែលកើតនៅកម្ពុជានេះ មិនត្រឹមរាលដាលទៅដល់ប្រទេសជិតខាង ឬរាលដាល នៅតែក្នុងតំបន់ប៉ុណ្ណោះទេ គឺរាលដាលទៅដល់អាមេរិកដល់អុឺរ៉ុបឯណោះ។
កាលពីប៉ុន្មានឆ្នាំកន្លងទៅ ជំងឺមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ពេលខ្លួនចាញ់ដែលបង្កើតឡើងដោយ គណបក្សប្រឆាំងនៅកម្ពុជា ដែលមានលោកសម រង្សុី ជាស្ថាបនិក ត្រូវបានសហរដ្ឋអាមេរិក ដែលជា ប្រទេសមហាអំណាចនៅលើពិភពលោកចម្លងស្ទីលយកទៅប្រើ។
ឥឡូវម្សិលមិញ ស្ទីលក្រោយចាញ់ឆ្នោតនាំគ្នាធ្វើ «បាតុកម្មឡាំប៉ា» នេះ ត្រូវបានប្រទេសបារាំង ដែលជាប្រទេសសុីវីល័យនៅទ្វីបអុឺរ៉ុបចម្លង យកទៅប្រើទៀតហើយ តែគេមិនបានដឹងថា ការចម្លងស្ទីលពីខ្មែរឲ្យតែចាញ់ឆ្នោតនាំគ្នា «ឡាំប៉ា» មិនទទួលស្គាល់លទ្ធផលនេះ ទាំងបក្សចាញ់ឆ្នោតនៅបារាំង ក៏ដូចបក្សចាញ់ឆ្នោតនៅសហរដ្ឋអាមេរិកមាន បានសុំសិទ្ធិពីអ្នកចាញ់ឆ្នោតនៅកម្ពុជាដែលជាស្ថាបនិក «ឡាំប៉ា» នេះដែលឬយ៉ាងណានោះទេ?
ប្រសិនបើអ្នកចាញ់ឆ្នោតនៅប្រទេសបារាំង និងអ្នកចាញ់ឆ្នោត នៅសហរដ្ឋអាមេរិក មិនបានសុំសិទ្ធិមែន វាគួរឲ្យសោកស្ដាយខ្លាំងណាស់ សម្រាប់គណបក្សប្រឆាំង នៅស្រុកខ្មែរដែលជាបិតាស្ថាបនិក «ធ្វើបាតុកម្មឡាំប៉ា ក្រោយពេលចាញ់ឆ្នោត» នេះដែលមិនព្រមយកទៅចុះកម្មសិទ្ធិបញ្ញា នៅក្រសួងពាណិជ្ជកម្ម។
បក្សចាញ់ឆ្នោតនៅអាមេរិក ក៏ដូចបក្សចាញ់ឆ្នោតនៅបារាំង សំណាងហើយ! ដែលនាយខ្វែកមិនមែនជាស្ថាបនិក «ឡាំប៉ា» ក្រោយពេលចាញ់ឆ្នោត បើជារបស់នាយខ្វែកវិញហេស! ប្ដឹងទារជំងឺចិត្តយកលុយមកទុកឃោសនាបោះឆ្នោតបានយ៉ាងស្រួល មិនចាំបាច់ឲ្យគូកនទៅដើររៃអង្គាសនៅក្រៅប្រទេស ឬធ្វើ បុណ្យផ្កាយកបច្ច័យមកទុកឃោសនា បោះឆ្នោតនាំតែអសន្ធាដល់អ្នកចូលបុណ្យនោះទេ៕
សកម្មភាពអ្នកគាំទ្រ លោកស្រី ម៉ារីន ឡឺប៉ែន ធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត នៅប្រទេសបារាំងឆ្នាំ២០១៧
សកម្មភាពគណបក្សចាញ់ឆ្នោត ធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនាឆ្នាំ២០១៣ នៅកម្ពុជា
សកម្មភាពអ្នកគាំទ្រ លោកស្រី ហុីលឡារីគ្លិនតុន ធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកឆ្នាំ២០១៦ ខណៈលោកដូណាល់ត្រាំឈ្នះ