(ព្រះវិហារ)៖ ភ្លៀង១មេលាយឡំ ជាមួយខ្យល់កន្ត្រាក់បោកបក់ បណ្ដាលឲ្យរងការខូចខាត ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង និងខ្លោងទ្វារសហគមន៍១ កាលពីព្រលប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅឃុំត្បែងពី ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថាមុនពេលកើតហេតុផ្ទៃមេឃ មានសភាពអ័ព្ទខ្មៅ មានភ្លៀងលាយឡំ និងផ្គររន្ទះ ខ្យល់កន្ត្រាក់យ៉ាងខ្លាំង ក្រោយពេលស្ងប់ស្ងាត់ភ្លៀង មិនមានហេតុការណ៍អ្វីកើតឡើងនោះទេ ទើបនៅរសៀលថ្ងៃទី០៧ ស្រាប់តែមាន ប្រជាពលរដ្ឋរាយការណ៍ថា មានផ្ទះប្រជាពលរដ្ឋត្រូវរងការខូចខាត ពេលនោះលោកបានឲ្យកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវភ្លាម។
លោកអធិការបានបន្តថា ការយឺតយ៉ាវក្នុងការរាយការណ៍មកសមត្ថកិច្ច ព្រោះពេលកើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះ។ ក្រោយការចុះស្រាវជ្រាវ របស់សមត្ថកិច្ចឃើញថា ផ្ទះប្រជាពលរដ្ឋ៣ខ្នង និងក្លោងទ្វារសហគមន៍១ រងការខូចខាត។
លោកបានបញ្ជាក់ថា ម្ចាស់ផ្ទះដែលរងគ្រោះ ទី១៖ ឈ្មោះ ពៃ កត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ របើកដំបូលឃ្លាំង១៦ម៉ែត្រ គុណ២៥ម៉ែត្រ រស់នៅចំណុច អូរពាក់ស្បង់ ភូមិបរិបូរ ឃុំត្បែងពី ស្រុកគូលែន ទី២៖ ឈ្មោះ នួន ភារះ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ផ្ទះទំហំ៧ម៉ែត្រ គុណ ៨ម៉ែត្រ លោតចេញពីជើងតាង រស់នៅភូមិបរិបូរ ឃុំត្បែងពី ស្រុកគូលែន ទី៣៖ ឈ្មោះ ម៉ន ខូច ផ្ទះទំហំ៦ម៉ែត្រ គុណ ៧ម៉ែត្រ ដួលផ្ងារជើង (ម្ចាស់មិននៅ) រស់នៅភូមិក្តាត់ ឃុំត្បែងពី ស្រុកគូលែននិងទី៤៖ ដួលរលំខ្លោងទ្វារសហគមន៍ដីក្រហមផ្លូវ ចូលចំការម្រេចផងដែរ៕