(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចជំនាញកំពុងសហការគ្នា កំណត់មុខសញ្ញាដើម្បីតាមចាប់ជនសង្ស័យ អារ-ក ប្លន់យកម៉ូតូ រួចរត់គេចខ្លួនបាត់ នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចសាលាបក្ស ឃុំតាសែន ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្រ្តីអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា នៅមុកើតហេតុ ជនរងគ្រោះ និងជនសង្ស័យជាអ្នកធ្លាប់ស្គាល់គ្នា ហើយពួកគេបាននាំគ្នាផឹកស៊ីនៅផ្សារកាប៊ីន ។ ពេលកំពុងផឹកស៊ីនោះ ជនសង្ស័យបានឲ្យជនរងគ្រោះ ឌុបម៉ូតូជូនទៅផ្ទះ តែពេលកន្លែងស្ងាត់ ជនសង្ស័យបានប្រាប់ថា ឈប់ជុះនោមមួយភ្លែត ភ្លាមៗនោះក៏មានឱកាស ក៏បានដកកាំបិតមកអារ-ក ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ រួចបានយកម៉ូតូជិះគេចខ្លួនបាត់។

ដោយឡែកមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យបានប្លន់ម៉ូតូពី ជនរគ្រោះម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AG-6375។ ជនរងគ្រោះឈ្មោះ ដួង ដា អាយុ៣១ឆ្នាំ រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយឡែក ជនសង្ស័យឈ្មោះ រ័ក្ស ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ។

ក្រោយកើតហេតុជនរងគ្រោះត្រូវងបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ព្រោះបានកំណត់មុខសញ្ញារួចរាល់អស់ហើយ៕